២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរគំរូ

ភាពអាក់អន់ចិត្ត
តើអ្នកធ្លាប់មាននរណាធ្វើឱ្យអ្នកអាក់អន់ចិត្តដែរទេ?
ភាពអាក់អន់ចិត្តនោះគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដែលសាតាំងវាបានប្រើប្រាស់សម្រាប់យកមកបញ្ចុះបញ្ចូល ដើម្បីរារាំងមនុស្សរបស់ព្រះ។ វាបានរំលំ សូម្បីតែមនុស្សដែលអង់អាចរឹងមាំជាងគេ។ វាបានប្រើភាពអាក់អន់ចិត្ត ដើម្បីកុំឱ្យព្រះរាជ្យនៃព្រះ បន្តដើរនៅក្នុងរបៀបមួយដ៏មានប្រសិទ្ធភាពបំផុត។ វាប្រើភាពអាក់អន់ចិត្ត ដើម្បីឱ្យក្រុមជំនុំរង្គោះរង្គើ។ វាប្រើភាពអាក់អន់ចិត្ត ដើម្បីឱ្យក្រុមគ្រួសារបែកបាក់គ្នា។ វាប្រើភាពអាក់អន់ចិត្ត ដើម្បីបំបែកអ្នករួមជំនឿ។ វាប្រើភាពអាក់អន់ចិត្ត ដើម្បីឱ្យមនុស្សបន្តនៅជាប់ក្នុងជំងឺខាងផ្លូវអារម្មណ៍ ខាងចិត្តគំនិត និងខាងឯរូបកាយផង។
សុភាសិត ១៧៖៩ ចែងថា អស់អ្នកណាដែលគ្របបាំងនូវការអាក់អន់ចិត្ត នោះគេស្វែងរកឃើញនូវក្ដីស្រឡាញ់ ប៉ុន្តែអស់អ្នកណាដែលតែងតែរំឭកពីការនោះឡើង នោះគេចង់បំបែកមិត្តភាពដ៏ជិតស្និទ្ធ។ ការលះបង់រឿងអាក់អន់ចិត្ត នោះមិនមែនមានន័យថាអ្នកលែងចងចាំពីរឿងនោះ និងបំភ្លេចវាចោលតែម្ដងនោះឡើយ។ វាគឺមានន័យថាអ្នកមិនចង់រំឭកវាឡើង ហើយអ្នកក៏មិនចងគំនុំទាស់ប្រឆាំងនឹងបងប្អូនប្រុសស្រីរបស់អ្នកដែរ។ វាមានន័យថា អ្នកជ្រើសរើសមើលរំលងពីសេចក្ដីនោះ ហើយបង្ហាញពីការអត់ឱនទោសនៃព្រះ ដែលព្រះអង្គបានបង្ហាញដល់អ្នក ទៅដល់មនុស្សដែលនៅជុំវិញខ្លួនអ្នក។
នៅក្នុង ហេព្រើរ ១២៖១៥ បានចែងថា ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ។ ព្រះគុណនេះ គឺមុនដំបូងព្រះបានបង្ហាញមកកាន់យើង សម្រាប់អំពើបាបរបស់យើង។ ហើយព្រះគុណនេះ គួរយើងបន្តផ្ដល់ឱ្យអ្នកដទៃផ្សេងទៀត។ យើងគួរតែមានចិត្តលឿនក្នុងការអត់ឱនទោស ទៅដល់អស់អ្នកដែលបានធ្វើខុសចំពោះយើង! ព្រះបន្ទូលក៏បន្តថ្លែងប្រាប់ថា នៅពេលយើងបៀមការអាក់អន់ចិត្តនោះទុក នោះយើងបង្កើតបានជា ឫសនៃភាពល្វីងជូរចត់ ដែលវានឹងនាំទៅរកវិបត្តិបញ្ហា។ ឫសគល់នេះអាចកំណត់ និងស្ដែងចេញជាទង្វើជាច្រើន ប៉ុន្តែសរុបសេចក្ដីមក វាគឺជាទង្វើនៃការអាក់អន់ចិត្ត។ យើងមិនគួរអនុញ្ញាតឱ្យអ្នកដទៃធ្វើឱ្យយើងអាក់អន់ចិត្តរហូតដល់យើងដាក់ចំណតប្រមូលរាល់ភាពល្វីងជូរចត់ រួចប្រឆាំងទាស់នឹងអស់អ្នកទាំងនោះ នៅក្នុងដួងចិត្តរបស់យើងឡើយ។
ចូរកុំអនុញ្ញាតឱ្យរឿងអាក់អន់ចិត្ត ចាក់ឫសទៅក្នុងជីវិតរបស់អ្នក។ ចូរអត់ឱនទោសឱ្យបានលឿន ហើយចូរសូមអ្នកដទៃអត់ឱនទោសដល់អ្នកឱ្យបានលឿនផងដែរ។ ប្រសិនបើយើងចង់បានបំពេញយ៉ាងហូរហៀរដោយព្រះវិញ្ញាណ នោះយើងមិនអាចអនុញ្ញាតឱ្យភាពអាក់អន់ចិត្ត ធ្វើជាកត្តាជំរុញចិត្ត នៅក្នុងជីវិតរបស់យើងបានទេ!
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!
More