រាល់គ្រប់អ្វីៗ ដែលខ្ញុំត្រូវការគំរូ

ដោយព្រោះតែព្រះជាម្ចាស់បានយាងទៅមុនយើង ហើយការពារយើងនៅពីក្រោយ នោះព្រះអង្គចាត់ការទៅលើចម្បាំងរបស់យើងរួចស្រេចហើយ។ ព្រះអង្គមើលឃើញពីច្រកល្ហក ដែលងងឹតចំពោះរូបយើង។ ព្រះអង្គពុំភ្ញាក់ផ្អើលដោយព្រោះតែការបត់បែននៃស្ថានភាព។ បើយើងកាន់តែប្រឹងទាញដាវយកទៅប្រយុទ្ធ និងសម្រុកទៅក្នុងចម្បាំង ដោយគ្មានព្រះ កាន់តែច្រើនយ៉ាងណា នោះយើងនឹងកាន់តែល្វើយ និងរងវិបត្តិដ៏លំបាក កាន់តែច្រើនប៉ុណ្ណោះដែរ។ ព្រះអង្គ បានយាងទៅមុន យើង ហើយធានាសន្តិសុខឱ្យយើង ទៅតាមរង្វាស់នៃសេចក្ដីសង្គ្រោះ ដែលយើងត្រូវការ។ ចំណែកជាក់លាក់ត្រូវបានចាត់ចែងទុកសម្រាប់យើង។
គ្មានអ្វីមួយដែលល្អប្រសើរជាង ចំណែកដែលព្រះបានរក្សាទុកសម្រាប់ជីវិតរបស់អ្នកទាល់តែសោះ ពីព្រោះចំណែកដែលព្រះរៀបចំទុកសម្រាប់អ្នក នោះគឺឱ្យបានដល់តែអ្នកតែប៉ុណ្ណោះ។ ចំណែករបស់អ្នក នឹងប្រទានឱ្យអ្នកបានពេញលេញ និងបានជាបរិបូរដល់អ្នក ប៉ុន្តែ ប្រហែលជាមិនល្មមទៅដល់អ្នកជិតខាងរបស់អ្នកនោះទេ។ ដូចគ្នា ចំណែករបស់អ្នកជិតខាងរបស់អ្នក នោះក៏ប្រហែលជាមិនល្មម នៅក្នុងបរិមាណ និងកម្រិត ដែលអ្នកត្រូវការនោះដែរ។ ចំណែកទាំងនោះ ជារង្វាស់ដែលព្រះវាស់ ហើយចំណែកនោះគឺវាល្អឥតខ្ចោះ សម្រាប់អ្នក ដើម្បីឱ្យអ្នកបានល្មមនឹងអាចក្រោកឡើងដឹងស្មារតី ហើយនៅបន្តនៅរស់យ៉ាងពេញលេញ។
ព្រះជាម្ចាស់សព្វព្រះទ័យចង់ប្រទាននូវចំណែករបស់ព្រះអង្គ សម្រាប់ជីវិតរបស់អ្នក។ ព្រះអង្គមិនមែនកំពុងតែកាន់អាជីព រារាំងនិងដកហូតនូវកាដូដ៏ល្អពីអ្នកនោះឡើយ។ ព្រះអង្គកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបន្សុទ្ធនិងឱ្យការទាំងនោះ បានល្អឥតខ្ចោះ។ ប្រសិនបើអ្នកទូលសូមពីព្រះនូវនំប៉័ងមួយ នោះព្រះអង្គនឹងមិនឱ្យដុំថ្មមួយ ដល់អ្នកឡើយ… ដូច្នេះ ចូរទូលសូមព្រះអង្គទៅ! ព្រះអង្គចង់ឱ្យតែអ្នកបានសប្បាយរីករាយជាមួយនឹងចំណែកទ្រព្យ និងរង្វាស់ដ៏ពិសេសនិងការអស្ចារ្យ ដែលព្រះអង្គមានសម្រាប់អ្នកតែប៉ុណ្ណោះ។
គ្រាន់តែពេលដែលអ្នកចូលទៅទូលសូម នោះកុំឱ្យមានគំនិតគិតដឹងថាចំណែកដែលអ្នកសូម នោះគឺជាអ្វី តាមការរំពឹងរបស់អ្នកនោះទៅបានហើយ។
ព្រោះថា នៅពេលដែលយើងដើរទៅមុនព្រះ ហើយអភិវឌ្ឍការគិតរបស់យើង ទៅរកអ្វីដែលជាក្ដីស្រមៃ និងជាគោលដៅរបស់យើង ដែលមិនដើរស្របនឹងគោលបំណងនៃព្រះ នោះយើងរកឃើញថា អ្វីដែលព្រះប្រទានពរ នោះជារឿងដ៏គួរឱ្យខកចិត្តមែនទែនសម្រាប់ខ្លួនឯង ទៅវិញ។
ចូរចងចាំថា នៅថ្ងៃនេះ ព្រះអង្គគឺជាចំណែករបស់អ្នក ដោយថា ព្រះអង្គបានវាស់កាដូទាំងយកព្រះទ័យទុកដាក់ និងបានទិញវានៅក្នុងតម្លៃមួយដ៏លំបាកលំបិន ដើម្បីឱ្យវាបានទៅដល់អ្នក។ ព្រះយេស៊ូវគ្រីស្ទ បានបំពេញការអស់ទាំងនោះ រួចរាល់ហើយ សម្រាប់អ្នក។ ព្រះអង្គប្រឹងស៊ូទ្រាំអស់ហើយសម្រាប់អ្នក។ ព្រះអង្គតយុទ្ធយ៉ាងទារុណសម្រាប់អ្នក។ ព្រះអង្គបានខ្ចាយលោហិតសម្រាប់អ្នក។ ព្រះអង្គបានសុគតសម្រាប់អ្នក។ ប៉ុន្តែអ្វីដ៏សំខាន់ជាងគេបង្អស់ នោះគឺថាព្រះអង្គមិនគ្រាន់តែទទួលយករាល់ចម្បាំងដែលអ្នកមានយកទៅដាក់លើស្មារបស់ព្រះអង្គ តែប៉ុណ្ណោះនោះទេ ប៉ុន្តែព្រះអង្គបានយកឈ្នះនៅលើរាល់អស់អ្វីៗ ដែលបានមកគំរាមកំហែងអ្នក ដើម្បីឱ្យអ្នកអាចមានជីវិតរស់រវើក ថែមទៀតផង។
ព្រះជាម្ចាស់ជាអ្វីៗទាំងអស់ ដែលអ្នកត្រូវការ។ ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូតតទៅ។
និយាយពីរឿងចំណែកទាំងប៉ុន្មាននេះ គឺពិតជាធ្វើឱ្យខ្ញុំឃ្លានមែនទែន។ ខ្ញុំសុំទៅយកនំមួយសិន។
សូមឆ្លុះបញ្ចាំង៖
- តើវាខុសប្លែកពីគ្នាយ៉ាងណា ចំពោះន័យថា ចង់បានអ្វីមួយ ទល់នឹង ត្រូវការអ្វីមួយ? ខ្ញុំគិតពីរឿងមួយនេះ ដោយប្រៀបទៅនឹងការចូលចិត្តនំសូកូឡា។ ខ្ញុំចង់បាននំសូកូឡាសឹងតែគ្រប់ពេល ប៉ុន្តែ ខ្ញុំប្រហែលជាមិនចាំបាច់ត្រូវការវារហូតទេ។ តើអ្នកជឿថា ចំណែក ដែលព្រះជាម្ចាស់មានសម្រាប់អ្នក នោះពឹងផ្អែកទៅលើអ្វីដែលអ្នកចង់បាន ឬទៅលើអ្វីដែលអ្នកត្រូវការ? សូមអាន ម៉ាថាយ ៦៖២៦-៣៣។ តើព្រះជាម្ចាស់កំពុងតែមានបន្ទូលប្រាប់អ្នកពីអ្វីខ្លះ តាមរយៈខគម្ពីរទាំងនេះ?
- ជារឿយៗ ដោយដឹងពីចំណែករបស់ព្រះ នោះវាតម្រូវឱ្យយើងចូលទៅជិតព្រះអង្គ ដើម្បីឱ្យយើងនៅបន្តអានព្រះបន្ទូល និងដេញតាមព្រះវត្តមានរបស់ព្រះអង្គ។ តើអ្នកធ្វើការនោះយ៉ាងដូចម្ដេចដែរនៅថ្ងៃនេះ?
អំពីគម្រោងអាននេះ

ព្រះជាម្ចាស់បានយាងទៅមុខយើង ហើយនិងការពារយើងនៅពីក្រោយ។ ព្រះអង្គចាត់ការរាល់ចម្បាំងដែលយើងត្រូវឆ្លងកាត់ រួចទៅហើយ។ ព្រះអង្គទតឃើញរាល់គ្រប់ច្រកល្ហក ដែលងងឹត ចំពោះរូបយើង។ ព្រះអង្គមិនភ្ញាក់ផ្អើលដោយព្រោះស្ថានភាពមិននឹងនរនោះដែរ។ គម្រោងអានស្មឹងស្មាធិ៍នឹងព្រះ ដែលមានរយៈពេល ៣ ថ្ងៃនេះ នឹងជួយលើកទឹកចិត្តអ្នក នៅក្នុងសេចក្ដីពិត ដោយដឹងថា ព្រះជាម្ចាស់គឺជាព្រះដែលផ្គត់ផ្គង់ នៃចំណែកនិងរង្វាស់យ៉ាងទៀងទាត់ សម្រាប់ជីវិតរបស់អ្នក។
More