ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់គំរូ

"ធ្វើអ្វីឲ្យឈ្នះម៉ោងនាឡិកា"
ខ្ញុំបានរៀននូវល្បិចមួយចំនួនដែលអាចជួយឲ្យខ្ញុំយកឈ្នះលើម៉ោងនាឡិកា។ ខ្ញុំគិតថាវាក៏អាចជាជំនួយដល់លោកអ្នកដែរ។
ខ្ញុំយល់ដឹងថារាល់ពេលវេលាទាំងអស់របស់ខ្ញុំ គឺជាពេលវេលារបស់ព្រះជាម្ចាស់ ហើយរាល់ពេលវេលាទាំងនោះ គឺជាពេលវេលារបស់ខ្ញុំដែលព្រះអង្គទ្រង់បានផ្ដល់សិទ្ធិអំណាចឲ្យប្រើប្រាស់។ ព្រះជាម្ចាស់ទ្រង់គឺជាម្ចាស់នៃខ្ញុំ ហើយក៏ជាម្ចាស់នៃពេលវេលារបស់ខ្ញុំផងដែរ។ តែទោះបីជាយ៉ាងណាមិញ ទ្រង់បានប្រទានដល់ខ្ញុំនូវរង្វាស់វេលាមួយ ដែលរូបខ្ញុំផ្ទាល់គឺជាអ្នកកាន់កាប់។ ខ្ញុំអាចចំណាយពេលវេលាទាំងប៉ុន្មាននោះ ដើម្បីជួយដល់មនុស្សដទៃ ទៅសួរសុខទុក្ខបងប្អូន ។ល។ ប៉ុន្តែសម្រាប់ពេលវេលាទាំងអស់នោះ ខ្ញុំត្រូវគិតគូរលើរាល់គ្រប់អ្វីៗដែលខ្ញុំបានធ្វើ។
ពេលវេលាអាចបង់លោះវិញបានដោយការស្មឹងស្មាធនិងការផ្ដោតគំនិត។ ពេលវេលាដែលខ្ជះខ្ជាយបំផុត គឺកើតឡើងនៅក្នុងចិត្ដគំនិតរបស់មនុស្ស។ ដៃជើងរបស់យើង ប្រហែលជាមមាញឹកណាស់ ប៉ុន្តែនៅក្នុងគំនិតយើងវិញ គ្មានធ្វើអ្វីទាល់តែសោះ។ ដូចគ្នាផងដែរ ដៃជើងយើងប្រហែលជាមិនធ្វើអ្វីច្រើនទេ តែក្នុងគំនិតរបស់យើងគឺកំពុងរត់រាប់រយគីឡូ។ ការគិតអន្លង់អន្លូច យល់សុបិនទាំងថ្ងៃ និង ការស្រមើស្រមៃ នៅក្នុងចំណង់ចិត្ដឥតខ្លឹមសាររបស់យើង គឺជារបៀបមួយចំនួនដែលធ្វើឲ្យពេលវេលារស់នៅសព្វថ្ងៃរបស់យើង ធ្លាក់ក្នុងភាពខ្ជះខ្ជាយ។ បើយើងអាចផ្ដោតគំនិតរបស់យើងនៅលើកិច្ចការដែលមាននៅចំពោះមុខ ទាំងប្រឹងស្មឹងស្មាធស្មារតីផង នោះយើងនឹងចំណាយពេលវេលាសម្រាប់អ្វីដែលមានសារៈប្រយោជន៏វិញ។
គំនិត និងការគិត របស់យើងអាចជួយរំដោះពេលវេលាដ៏មានតម្លៃ ទោះបីជាពេលនោះត្រូវខាតបង់ទៅលើតម្រូវការចាំបាច់ឬសាមញ្ញនៃរាងកាយប្រចាំថ្ងៃរបស់យើងក៏ដោយចុះ។ ដូចឧទាហរណ៍ ពេលវេលាត្រូវយកទៅងូតទឹក ហើយទង្វើនោះមិនតម្រូវឲ្យយើងធ្វើអ្វីច្រើននោះឡើយ។ ម្ល៉ោះហើយនៅក្នុងពេលវេលានោះ ខួរក្បាលរបស់យើង មាននូវសេរីភាពក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហា បង្កើតនូវគំនិតច្នៃប្រឌិតផ្សេងៗ ឬចាប់ផ្ដើមគិតអំពីផ្នត់នៃគម្រោងអ្វីមួយបាន។ ចំពោះរូបខ្ញុំ ខ្លឹមសារ និង មេរៀនជាច្រើនរបស់ខ្ញុំ បានលូតលាស់ជាគម្រោងឡើង ក៏កើតឡើងនៅពេលខ្ញុំកំពុងងូតទឹកនោះដែរ។ នៅពេលដែលខ្ញុំនៅលេងកីឡាវាយកូនហ្គោលនៅឡើយ ខ្ញុំបានប្រទះឃើញថា ពេលវេលា នៅចន្លោះការវាយកូនហ្គោលនីមួយៗ គឺជាពេលដ៏ល្អប្រសើរ ដើម្បីជួយឲ្យខ្ញុំអាចគិតអំពីខ្លឹមសារមេរៀនផ្សេងៗ ដែលខ្ញុំអាចធ្វើបាននៅក្នុងគំនិតរបស់ខ្ញុំ។
តាមពាក្យឡាតាំង៖ «Coram deo» ដែលមានន័យថា៖ «ចូររស់នៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់»។
ចូរមានស្មារតីគិតមើលចំពោះការផ្ដោតគំនិតរបស់លោកអ្នក នៅក្នុងថ្ងៃនេះ។ ចូរព្យាយាម រំលោះ ពេលវេលាដ៏មានតម្លៃ ដែលជាតម្រូវការសាមញ្ញឬចាំបាច់នៃរាងកាយប្រចាំថ្ងៃរបស់លោកអ្នក រួចយកពេលវេលានោះទៅគិតអំពីអ្វីៗដែលមានតម្លៃអស់កល្បជានិច្ចផង។
រក្សាសិទ្ធិដោយ ©ព័ន្ធកិច្ច ឡីហ្កណៀ។ អាចទទួលសៀវភៅមួយក្បាលដោយឥតគិតថ្លៃពី លោកគ្រូ អរ.ស៊ី. ស្ព្រូល (R.C. Sproul) តាមគេហទំព័រwww.ligonier.org/freeresource។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ និង រស់នៅបានជាសិរីរុងរឿងថ្វាយព្រះអង្គ។
More