សេផានា 3:1-8

សេផានា 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា! គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។ គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។ ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។ ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា ជា​មនុស្ស​ក្បត់ ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌ របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។ យើង​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នានា​វិនាស​ទៅ កំផែង​ការ​ពារ​របស់​គេ​ត្រូវ​ដួល​រលំ យើង​បាន​ធ្វើ​ឲ្យ​ផ្លូវរបស់​គេ​ខូច‌បង់ កុំ​ឲ្យ​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​ត្រូវ​ទុក​ចោល​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ។ យើង​គិត​ថា "ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​កោត​ខ្លាច​យើង ឯង​រាល់​គ្នា​នឹង​ទទួល​ការ​ប្រៀន‌ប្រដៅ។ នោះ​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​មិន​ត្រូវ​កាត់​ចេញ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន តម្រូវឲ្យ​ទាស់​នឹង​ឯង​រាល់​គ្នា​ឡើយ"។ ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​អស់​ទាំង អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។ ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។ ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យ‌វិន័យ។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក ព្រះអង្គ​បង្ហាញ​យុត្តិធម៌ ឲ្យ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់‌ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។ យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោតខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំនៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។ ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ទី​ក្រុង​រឹង‌ចចេស ហើយ​ស្មោក‌គ្រោក គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គេ វា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ ពួក​ចៅហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ តែ​ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្តាល​វា ទ្រង់​សុចរិត​ទេ ទ្រង់​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ​រាល់​តែ​ព្រឹក ទ្រង់​នាំ​យក​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​មក​ដាក់​នៅ​ពន្លឺ ឥត​ខាន​ឡើយ តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ទេ អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេងៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​សោះ គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ទេ អញ​បាន​ប្រាប់​ថា ឲ្យ​គ្រាន់​តែ​កោត‌ខ្លាច​ដល់​អញ ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ នោះ​ទី​លំនៅ​របស់​គេ​មិន​ត្រូវ​កាត់​ចេញ តាម​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​ដំរូវ​ដល់​គេ​នោះ​ឡើយ តែ​គេ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់​ទាំង​កិរិយា​របស់​ខ្លួន​វិញ។ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់‌ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពី​ព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ។

ចែក​រំលែក
អាន សេផានា 3