សេផានា 3:1-8

សេផានា 3:1-8 គកស១៦

វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា! គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។ គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។ ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។ ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា ជា​មនុស្ស​ក្បត់ ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌ របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។ យើង​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នានា​វិនាស​ទៅ កំផែង​ការ​ពារ​របស់​គេ​ត្រូវ​ដួល​រលំ យើង​បាន​ធ្វើ​ឲ្យ​ផ្លូវរបស់​គេ​ខូច‌បង់ កុំ​ឲ្យ​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​ត្រូវ​ទុក​ចោល​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ។ យើង​គិត​ថា "ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​កោត​ខ្លាច​យើង ឯង​រាល់​គ្នា​នឹង​ទទួល​ការ​ប្រៀន‌ប្រដៅ។ នោះ​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​មិន​ត្រូវ​កាត់​ចេញ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន តម្រូវឲ្យ​ទាស់​នឹង​ឯង​រាល់​គ្នា​ឡើយ"។ ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​អស់​ទាំង អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។

អាន សេផានា 3