សេផានា 2:1-10

សេផានា 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្នាល សាសន៍​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា មុន​ដែល​ត្រូវ​សម្រេច​តាម​ច្បាប់ មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា គឺ​មុន​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា។ អ្នក​ទាំង​អស់​គ្នា​ដែលរាប​សា​នៅ​ក្នុង​ស្រុក ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ព្រះ‌អង្គ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​រាប​សា​ចុះ ប្រហែល​ជា​ឯង​រាល់​គ្នា​នឹង​បាន​បិទ​បាំង នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា។ ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច‌បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ។ វេទនា​ដល់​ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ម្នាល​ឯង​រាល់​គ្នា​ជា​សាសន៍​កេរេ‌ធីម​អើយ! ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទាស់​នឹងឯង​រាល់​គ្នា​ហើយ ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក​មិន​ឲ្យ​មាន អ្នក​ណា​សល់​នៅ​ទៀត​ឡើយ។ ឯ​ឯង ឱ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​អើយ ឯង​នឹង​បាន​ជា​វាល​ស្មៅ ជា​កន្លែង​ឃ្វាល​សត្វ​សម្រាប់​ពួក​គង្វាល និង​ក្រោល​សម្រាប់​ហ្វូង​ចៀម។ ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ នៃ​សំណល់​ពូជ​ពង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។ យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ស្បថ​ថា៖ ដរាប​ណា​យើង​មាន​ជីវិត​គង់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់ នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ពួក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ ជា​ស្រុក​ដែល​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ហើយ​ជា​ទី​ស្មសាន​រហូត​តទៅ។ ឯ​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ពួក​អ្នក​នៅ​មាន​ជីវិត​នៃ​សាសន៍​របស់​យើង នឹង​កាន់​កាប់​ស្រុក​របស់​គេ។ នេះ​ជាហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​គេ សម្រាប់​អំនួត​របស់​គេ ដោយ​ព្រោះ​គេ​បាន​ត្មះ‌តិះ‌ដៀល ហើយ​អួត​ខ្លួនទាស់​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន សេផានា 2

សេផានា 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង! អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប នៅ​ក្នុង​ស្រុក​អើយ អ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន នោះ​អ្នក​រាល់​គ្នា​ប្រហែល​បាន​រួច​ជីវិត នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ក្រុង​កាសា​នឹង​ត្រូវ​ប្រជា‌ជន​បោះ​បង់​ចោល ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្រុង​អាស‌ដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជា‌ជន​ចេញ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។ ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលីស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។ ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។ កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។ ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន ធ្វើ​ជា​ជម្រក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល ព្រះអង្គ​ស្ដារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។ «យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។ ហេតុ​នេះ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​ដែរ គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពី ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។

ចែក​រំលែក
អាន សេផានា 2

សេផានា 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាល នគរ​ឥត​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ទេ​ដឹង។ ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ នោះ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​បាន​ជា​ទី​សំរាប់​ឃ្វាល​សត្វ មាន​ទាំង​ទី​លំនៅ​សំរាប់​ពួក​អ្នក​គង្វាល នឹង​ក្រោល​សំរាប់​ហ្វូង​ចៀម​ដែរ ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។ អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ នឹង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល នឹង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

ចែក​រំលែក
អាន សេផានា 2