ម្នាល សាសន៍ដែលមិនចេះខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា មុនដែលត្រូវសម្រេចតាមច្បាប់ មុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័ស របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា គឺមុនដែលថ្ងៃនៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា។ អ្នកទាំងអស់គ្នាដែលរាបសានៅក្នុងស្រុក ដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកព្រះអង្គ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីរាបសាចុះ ប្រហែលជាឯងរាល់គ្នានឹងបានបិទបាំង នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា។ ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ។ វេទនាដល់ឯងរាល់គ្នាដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ម្នាលឯងរាល់គ្នាជាសាសន៍កេរេធីមអើយ! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នាហើយ ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកមិនឲ្យមាន អ្នកណាសល់នៅទៀតឡើយ។ ឯឯង ឱស្រុកតាមឆ្នេរសមុទ្រអើយ ឯងនឹងបានជាវាលស្មៅ ជាកន្លែងឃ្វាលសត្វសម្រាប់ពួកគង្វាល និងក្រោលសម្រាប់ហ្វូងចៀម។ ស្រុកតាមឆ្នេរសមុទ្រនឹងក្លាយជាកេរអាករ នៃសំណល់ពូជពង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះ នៅក្នុងក្រុងអាសកាឡូន ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់គេ ព្រះអង្គនឹងប្រោសគេ ហើយស្ដារស្ថានភាពរបស់គេឡើងវិញ។ យើងបានឮពាក្យដំណៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀល ដល់ប្រជារាស្ត្ររបស់យើង ហើយបានអួតខ្លួនគេទាស់នឹង ទឹកដីប្រជារាស្ត្ររបស់យើង។ ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។ នេះជាហេតុការណ៍ដែលនឹងកើតមានដល់គេ សម្រាប់អំនួតរបស់គេ ដោយព្រោះគេបានត្មះតិះដៀល ហើយអួតខ្លួនទាស់នឹងប្រជារាស្ត្រ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
អាន សេផានា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 2:1-10
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ