សាការី 9:1-8
សាការី 9:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ក្រុងទីរ៉ុស និងក្រុងស៊ីដូនដែរ ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ។ ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ។ ប៉ុន្តែ ព្រះអម្ចាស់នឹងទម្លាក់គេចេញ ហើយវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ទីក្រុងនោះនឹងត្រូវភ្លើងឆេះ។ ឯក្រុងអាសកាឡូនក៏ឃើញដែរ ហើយភ័យខ្លាច រួមទាំងក្រុងកាសាផងដែរ គេនឹងមានការឈឺចាប់ជាខ្លាំងចំពោះក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេត្រឡប់ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅ។ មានសុទ្ធតែពួកកូនកាត់រស់នៅក្នុងក្រុងអាសដូឌ ហើយយើងនឹងបំផ្លាញសេចក្ដីអំនួត របស់សាសន៍ភីលីស្ទីន។ យើងនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្ដាលធ្មេញគេដែរ នោះគេនឹងសល់នៅសម្រាប់គោរពដល់ព្រះនៃយើង ហើយនឹងដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ។ យើងនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់យើង ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ ក៏គ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតដែរ ដ្បិតឥឡូវនេះ ភ្នែកយើងបានឃើញហើយ។
សាការី 9:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រាអែលដែរ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។ ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។ ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់ ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេ ទម្លាក់ទៅក្នុងសមុទ្រ ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។ ពេលឃើញហេតុការណ៍នេះ ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។ ក្រុងកាសានឹងលែងមានស្ដេច ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។ ពូជសាសន៍នានានឹងរស់នៅចម្រុះគ្នា ក្នុងក្រុងអាស្តូឌ យើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។ យើងនឹងយកសាច់ដែលមានជាប់ឈាម ចេញពីមាត់របស់គេ។ គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើម ប្រជាជនភីលីស្ទីនដែលនៅសេសសល់ នឹងធ្វើជាប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើជាមេដឹកនាំ ដូចកុលសម្ព័ន្ធយូដាដែរ។ ប្រជាជននៅក្រុងអេក្រូន នឹងចូលរួមជាមួយប្រជារាស្ត្ររបស់យើង ដូចអ្នកក្រុងយេបូសដែរ។ យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
សាការី 9:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុសនឹងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ ក្រុងទីរ៉ុសបានធ្វើទីមាំមួនសំរាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី នឹងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ តែមើល ព្រះអម្ចាស់ ទ្រង់នឹងទំលាក់គេចេញ ព្រមទាំងវាយកំឡាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនឹងមានសេចក្ដីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្ដីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូន នឹងឥតមានមនុស្សអាស្រ័យនៅទៀត នឹងមានសុទ្ធតែពួកកូនកាត់នៅក្នុងក្រុងអាសដូឌ ហើយអញនឹងបំផ្លាញសេចក្ដីអំនួត របស់សាសន៍ភីលីស្ទីន អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្តាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសំរាប់គោរពដល់ព្រះនៃយើង ហើយនឹងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងបានដូចជាពួកក្រុងយេប៊ូសវិញ អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ នឹងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។