សាការី 9:1-8

សាការី 9:1-8 គខប

សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាស ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។ ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ព្រះអង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។ ពេល​ឃើញ​ហេតុ‌ការណ៍​នេះ ក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ ក្រុង​កាសា​នឹង​លែង​មាន​ស្ដេច ក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។ ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។ យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម ចេញ​ពី​មាត់​របស់​គេ។ គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ ប្រជា‌ជន​នៅ​ក្រុង​អេក្រូន នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើង ដូច​អ្នក​ក្រុង​យេបូស​ដែរ។ យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែរក្សា​ពួក​គេ។