សាការី 1:7-17
សាការី 1:7-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ គឺខែមាឃ ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា៖ «នៅវេលាយប់ យើងបានមើលឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលដើមយីថោ ដែលដុះនៅទីទំនាប នៅពីក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ និងស។ ពេលនោះ ខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី? ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា យើងនឹងបង្ហាញឲ្យអ្នកដឹងថាទាំងអស់នេះជាអ្វី»។ ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។ ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។ ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?» ព្រះយេហូវ៉ាឆ្លើយដោយពាក្យល្អ គឺជាពាក្យកម្សាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ។ ដូច្នេះ ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ «ចូរប្រកាសថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។ ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានវិលមកក្រុងយេរូសាឡិម ទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់យើងនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ចូរបន្លឺឡើងម្ដងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់យើងនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង»។
សាការី 1:7-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោដូចតទៅ: នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោក មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។ ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ទេវតា*ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យលោកដឹងថា អ្នកទាំងនោះជានរណា»។ បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់បានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ អ្នកទាំងនោះពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសម្រាលទុក្ខទេវតា*ដែលនិយាយជាមួយខ្ញុំ។ ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់ តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
សាការី 1:7-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី រួចមនុស្សដែលឈរនៅកណ្តាលដើមយីថោ ក៏ឆ្លើយឡើងថា ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី ពួកនោះក៏តបដល់ទេវតានៃព្រះយេហូវ៉ា ដែលឈរកណ្តាលដើមយីថោថា យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត។ បន្ទាប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិតមេត្តាដល់ក្រុងយេរូសាឡិម នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលទ្រង់បានគ្នាន់ក្នាញ់នឹងគេអស់៧០ឆ្នាំហើយនេះ ព្រះយេហូវ៉ាទ្រង់ឆ្លើយដោយពាក្យល្អ គឺជាពាក្យកំសាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ ដូច្នេះ ទេវតាដែលពោលមកនឹងខ្ញុំក៏ប្រាប់ខ្ញុំថា ចូរបន្លឺឡើងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម នឹងភ្នំស៊ីយ៉ូន ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ចូរបន្លឺឡើងម្តងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អញនឹងមានសេចក្ដីចំរើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកំសាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង។