សាការី 1:7-17

សាការី 1:7-17 គកស១៦

នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ គឺ​ខែ​មាឃ ក្នុង​ឆ្នាំ​ទីពីរ​នៃ​រាជ្យ​ស្ដេច​ដារីយុស ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មក​កាន់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា៖ «នៅ​វេលា​យប់ យើង​បាន​មើល​ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្ដាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប នៅ​ពី​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ និង​ស។ ពេល​នោះ ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី? ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី»។ ដូច្នេះ មនុស្ស​ដែល​ឈរ​នៅ​កណ្ដាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា៖ «ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី»។ ពួក​នោះ​ក៏​តបទៅ​ទេវតារបស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្ដាល​ដើម​យីថោ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត»។ ពេល​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​ចិត​សិប​ឆ្នាំ​ហើយ​នេះ?» ព្រះ‌យេហូវ៉ា​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កម្សាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ។ ដូច្នេះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់ស្ងាត់​ដែរ ដ្បិត​ពី​ដើម យើង​បាន​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ច្រើន​ឡើងៗ»។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​វិល​មក​ក្រុង​យេរូ‌សាឡិម ទាំង​មាន​សេចក្ដី​អាណិត​មេត្តា វិហារ​របស់​យើង​នឹង​បាន​សង់​ឡើង​វិញ​នៅ​ទី​នេះ ហើយ​នឹង​មាន​ខ្សែ​វាស់​សន្ធឹង​នៅ​លើក្រុង​យេរូ‌សាឡិម នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ចូរ​បន្លឺ​ឡើង​ម្ដង​ទៀត​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​យើង​នឹង​មាន​សេចក្ដី​ចម្រើន​ហូរ‌ហៀរ​ឡើង​ទៀត ហើយ​ព្រះ‌យេហូវ៉ា​នឹង​កម្សាន្ត​ទុក​ភ្នំ​ស៊ីយ៉ូន ព្រម​ទាំង​រើស​តាំង​ក្រុង​យេរូ‌សាឡិម​ជា​ថ្មី​ផង»។

អាន សាការី 1