បទចម្រៀង 8:1-14

បទចម្រៀង 8:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ប្រសិន‌បើ​ខ្ញុំ​ម្ចាស់​បាន​ជួប​ទ្រង់​នៅ​ខាង​ក្រៅ ខ្ញុំ​ម្ចាស់​មុខ​ជា​ថើប​ទ្រង់ ហើយ​ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ឡើយ។ ខ្ញុំ​ម្ចាស់​នឹង​នាំ​ទ្រង់​ចូល​ទៅ ក្នុង​ផ្ទះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​អ្នក ដែល​បាន​បង្កើត​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ។ ព្រះ‌ហស្ត​ឆ្វេង​របស់​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា នាង​ទាំង‌ឡាយ​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។ តើ​នាង​ណា​ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សម្លាញ់​របស់​នាង​ដូច្នេះ? យើង​បាន​បណ្ដាល​ឲ្យ​ឯង​មាន សេចក្ដី​ស្រឡាញ់​នៅក្រោម​ដើម​សារី ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សម្រាល ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សម្រាល​បាន​បង្កើត​ឯង​មក។ ៙ សូម​ផ្ដិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ ហើយ​ចំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ចំហួល​នៃ​ភ្លើង ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ។ ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់ សេចក្ដីស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ នៅ​ផ្ទះ​ខ្លួន​អស់រលីង ដើម្បី​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ​វិញ។ ៙ យើង​មាន​ប្អូន​ស្រី​ម្នាក់ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង? បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ ប្រសិន‌បើ​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតា‌ត្រៅ​ឲ្យ​នាង។ ខ្ញុំ​ជា​កំផែង​មួយ ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់ ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។ ស្តេច​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ដួង មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ។ ចម្ការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ​ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​មួយ​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចម្ការ​នឹង​បាន​ពីរ​រយ​ដែរ។ ៙ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ សម្លាញ់​របស់​ខ្ញុំ​កំពុង​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​យើង​បាន​ឮ​ផង។ ៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ចែក​រំលែក
អាន បទចម្រៀង 8

បទចម្រៀង 8:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ អូន​មុខ​ជា​ឱប​ថើប​បង ហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។ អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។ ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។ តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង នោះ​ជា​នរណា? អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌ ហើយ​បង្កើត​បង​មក។ សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង ដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច សេចក្ដី​ស្លាប់ សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់ សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះ ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។ មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី ស្នេហា​បាន​ដែរ ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។ យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់ តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ មក​បាំង​នាង។ ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​បាល‌ហាម៉ូន ស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សា មើល​ខុស​ត្រូវ។ ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។ បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ តែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។ អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង! សម្លាញ់​ចិត្ត​អូន​អើយ សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ! សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។

ចែក​រំលែក
អាន បទចម្រៀង 8

បទចម្រៀង 8:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​នៃ​ខ្ញុំ​ម្ចាស់​ទៅ​អេះ ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ដូច្នេះ កាល​ណា​ខ្ញុំ​ម្ចាស់​ប្រទះ​នឹង​ទ្រង់​នៅ​ខាង​ក្រៅ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថើប​ទ្រង់​ចេះ​តែ​បាន ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ផង ខ្ញុំ​នឹង​នាំ​ទ្រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ​ម្ចាស់ ម្តាយ​នឹង​បង្រៀន​ដល់​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។ ៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។ ៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្ដី​ស្រឡាញ់​នៅ ក្រោម​ដើម​សារី ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សំរាល ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សំរាល​បាន​បង្កើត​ឯង​មក។ ៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​ជំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្ដី ស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ​សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់ រលីង​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ ទទេៗ​វិញ។ ៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។ ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ បើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ តាត្រៅ​ឲ្យ​នាង។ ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយ តាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែល បណ្តាល​ឲ្យ​មាន​សេចក្ដី​សុខ ស្តេច​សាឡូម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ហាម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើ ដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់ ១​ពាន់​ដួង​មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ ពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​អញ​បាន​ឮ​ផង។ ៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើសឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ចែក​រំលែក
អាន បទចម្រៀង 8