បទ​ចម្រៀង​សាឡូម៉ូន 8:1-14

បទ​ចម្រៀង​សាឡូម៉ូន 8:1-14 គកស១៦

ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ប្រសិន‌បើ​ខ្ញុំ​ម្ចាស់​បាន​ជួប​ទ្រង់​នៅ​ខាង​ក្រៅ ខ្ញុំ​ម្ចាស់​មុខ​ជា​ថើប​ទ្រង់ ហើយ​ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ឡើយ។ ខ្ញុំ​ម្ចាស់​នឹង​នាំ​ទ្រង់​ចូល​ទៅ ក្នុង​ផ្ទះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​អ្នក ដែល​បាន​បង្កើត​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ។ ព្រះ‌ហស្ត​ឆ្វេង​របស់​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា នាង​ទាំង‌ឡាយ​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។ តើ​នាង​ណា​ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សម្លាញ់​របស់​នាង​ដូច្នេះ? យើង​បាន​បណ្ដាល​ឲ្យ​ឯង​មាន សេចក្ដី​ស្រឡាញ់​នៅក្រោម​ដើម​សារី ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សម្រាល ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សម្រាល​បាន​បង្កើត​ឯង​មក។ ៙ សូម​ផ្ដិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ ហើយ​ចំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ចំហួល​នៃ​ភ្លើង ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ។ ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់ សេចក្ដីស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ នៅ​ផ្ទះ​ខ្លួន​អស់រលីង ដើម្បី​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ​វិញ។ ៙ យើង​មាន​ប្អូន​ស្រី​ម្នាក់ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង? បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ ប្រសិន‌បើ​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតា‌ត្រៅ​ឲ្យ​នាង។ ខ្ញុំ​ជា​កំផែង​មួយ ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់ ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។ ស្តេច​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ដួង មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ។ ចម្ការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ​ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​មួយ​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចម្ការ​នឹង​បាន​ពីរ​រយ​ដែរ។ ៙ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ សម្លាញ់​របស់​ខ្ញុំ​កំពុង​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​យើង​បាន​ឮ​ផង។ ៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚