បទចម្រៀង 5:2-9

បទចម្រៀង 5:2-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សម្លាញ់ ឱ​ព្រាប​របស់​យើង ជា​អ្នកបរិសុទ្ធ​របស់​យើង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​យើង​ផង ដ្បិត​ក្បាល​យើង​ទទឹក​ជោក​ដោយសន្សើម សរសៃ​សក់​យើង​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់។ យើង​បាន​ដោះ​អាវ​យើង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ពាក់​វិញ​បាន? យើង​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ប្រឡាក់​ទៀត​បាន? ស្ងួន​សម្លាញ់​ខ្ញុំ​ក៏​បញ្ចូល ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់ ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ។ ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ តែ​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ ក្នុង​កាល​ដែល​ទ្រង់​មាន​រាជ‌ឱអង្ការ​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ។ ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ។ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សម្លាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:2-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។ អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត? ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម​ប្រហោង​ទ្វារ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។ ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ ស្រក់​ទៅ​លើ​រនុក​ទ្វារ។ ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ តែ​គាត់​ចាក​ចេញ​ទៅ​បាត់។ ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។ ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។ ពួក​អ្នក​យាម‌ល្បាត​ទីក្រុង​ជួប​ខ្ញុំ ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន ចេញ​ពី​ខ្ញុំ។ ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច? ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក ជាង​បុរស​ឯ​ទៀត បាន​ជា​នាង​សុំ​ឲ្យ​យើង​ប្រាប់​គាត់​ដូច្នេះ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:2-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​បរិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់ អញ​បាន​ដោះ​អាវ​អញ​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ ពាក់​វិញ​បាន អញ​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ប្រឡាក់ ទៀត​បាន ស្ងួន​សំឡាញ់​ខ្ញុំ​ក៏​បញ្ចូល​ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់ ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំទៅ​លើ​គន្លឹះ​ទ្វារ ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ តែ​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សំឡាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។

ចែក​រំលែក
អាន បទចម្រៀង 5