បទចម្រៀង 4:1-8
បទចម្រៀង 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មាសសម្លាញ់អើយ អូនស្អាតណាស់ មើល៍ អូនជាស្រីស្រស់ស្អាតណាស់ ភ្នែកអូនដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់មានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ នៅស្រុកកាឡាត។ ធ្មេញដូចជាហ្វូងចៀមដែលទើបកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹមមួយចំហៀង។ កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ ដោះឯងទាំងពីរដូចជាកូនក្តាន់ពីរ ដែលជាកូនភ្លោះរបស់មេមួយ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។ ៙ យើងនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ ៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូន ជាមួយយើងចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ និងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
បទចម្រៀង 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។ ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។ សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។ ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
បទចម្រៀង 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎ មើល ឯងជាស្រីស្រស់បស់ល្អ ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ កាឡាត ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជំរះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម ១ចំហៀង កឯងដូចជាប៉មនៃស្តេចដាវីឌ ដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែល១ពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។ ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន