បទចម្រៀង 2:5-13

បទចម្រៀង 2:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចម្រើន​កម្លាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស និង​ពួក​ក្តាន់​នៅ​វាលធ្វើ​ជា​សាក្សី​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។ ន៎ុះន៏ សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ មើល៍ ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ ហើយ​លោត​សម្ទុះ​ក្អែក​នៅ​លើ​ទួល ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ ទ្រង់​អើត​មើល​តាម​បង្អួច ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។ ស្ងួន​សម្លាញ់​របស់​ខ្ញុំ បាន​មាន​រាជ‌ឱអង្ការ​នឹង​ខ្ញុំ​ថា មាស​សម្លាញ់​អើយ ក្រោក​ឡើង ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក ដ្បិត​មើល៍ រដូវ​រងា​កន្លងផុត​ទៅ​ហើយ ភ្លៀង​ក៏​រាំង​ស្រឡះ​ដែរ ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដី ពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​ផ្កា ក៏​សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សម្លាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក

ចែក​រំលែក
អាន បទចម្រៀង 2

បទចម្រៀង 2:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរ សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន ដើម្បី​មាន​កម្លាំង​ឡើង​វិញ ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។ ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។ ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ គាត់​កំពុង​តែ​មក ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា: អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក! ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។ បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុក ហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារ លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។ ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

ចែក​រំលែក
អាន បទចម្រៀង 2

បទចម្រៀង 2:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើស នឹង​ពួក​ក្តាន់​នៅ​វាល​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់ របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។ ៙ នុ៎ះន៏ សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ មើល ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ ហើយ​លោត​សំទុះ​ក្អែក នៅ​លើ​ទួល ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ មើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ ទ្រង់​អើត​មើល​តាម​បង្អួច ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។ ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​បន្ទូល​នឹង​ខ្ញុំ​ថា មាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើង ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក ដ្បិត​មើល រដូវ​រងា​កន្លង​ទៅ​ហើយ ភ្លៀង​ក៏​រាំង​ស្រឡះ​ហើយ​ដែរ ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដី ពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កា ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

ចែក​រំលែក
អាន បទចម្រៀង 2