រ៉ូម 7:14-25
រ៉ូម 7:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។ ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ។ ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន។ តាមពិត មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបនៅក្នុងខ្ញុំវិញទេតើ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។ ខ្ញុំមិនធ្វើការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។ ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។
រ៉ូម 7:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។ ប្រសិនបើខ្ញុំធ្វើកិច្ចការណាដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថា ខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថា ក្រឹត្យវិន័យពិតជាល្អមែន។ ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ត ដ្បិតខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អឡើយ។ ខ្ញុំមិនប្រព្រឹត្តអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថា មិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ត។ ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់ ក៏ប៉ុន្តែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយ ធ្វើតាមបញ្ជារបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំ ឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាបវិញ។
រ៉ូម 7:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រិត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។