រ៉ូម 7:14-25

រ៉ូម 7:14-25 គកស១៦

យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។ ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ តែ​បែរ​ជា​ធ្វើ​ការ​ណា​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន។ តាម​ពិត មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ ខ្ញុំ​ធ្វើ​មិន​កើត។ ខ្ញុំ​មិន​ធ្វើ​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​បាប​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ​ទេ​តើ។ ដូច្នេះ ខ្ញុំ​រក​ឃើញ​ច្បាប់​មួយ​គឺ ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ ការ​អាក្រក់​ចេះ​តែ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។ ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ ប៉ុន្តែ ខ្ញុំ​ឃើញ​មាន​ច្បាប់​មួយ​ទៀត​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​ច្បាំង​នឹង​ច្បាប់​នៃ​គំនិត​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​នៅ​ក្រោម​ច្បាប់​របស់​បាប ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។ ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន? សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ដោយ​គំនិត​របស់​ខ្ញុំ ខ្ញុំ​គោរព​បម្រើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ តែ​សាច់​ឈាម​របស់​ខ្ញុំ ខ្ញុំ​បែរ​ជា​គោរព​បម្រើ​ច្បាប់​របស់​បាប​ទៅ​វិញ។

អាន រ៉ូម 7