រ៉ូម 4:13-22
រ៉ូម 4:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។ ប្រសិនបើពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមត៌ក នោះជំនឿគ្មានប្រយោជន៍អ្វីទេ ហើយសេចក្តីសន្យាក៏គ្មានតម្លៃអ្វីដែរ ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានសេចក្តីក្រោធ តែទីណាដែលគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានសេចក្តីល្មើសដែរ។ ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។ ដូចមានសេចក្តីចែងទុកមកថា «យើងបានតាំងអ្នកឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» ។ គឺនៅចំពោះព្រះដែលលោកបានជឿ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមានព្រះបន្ទូលហៅអ្វីៗដែលគ្មានរូបរាង ឲ្យកើតមាន។ នៅពេលអស់សង្ឃឹម លោកជឿទាំងសង្ឃឹមថា លោកនឹងបានទៅជាឪពុកដល់សាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងបានដូច្នោះ» ។ ជំនឿរបស់លោកមិនបានចុះខ្សោយឡើយ ទោះបើលោកមើលទៅរូបកាយរបស់លោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលមួយរយឆ្នាំទៅហើយ ហើយទោះបើផ្ទៃរបស់លោកយាយសារ៉ា ដែលរាប់ដូចជាស្លាប់ទៅហើយនោះក៏ដោយ។ លោកមិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមានជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។ ហេតុនេះហើយបានជាជំនឿរបស់លោក «ព្រះរាប់លោកជាសុចរិត»។
រ៉ូម 4:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថា ជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។ ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ» ។ លោកជាឪពុករបស់យើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ» ។ កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោកឃើញថាជិតស្លាប់ និងមើលទៅលោកយាយសារ៉ាឃើញថាពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ លោកមិនបាត់ជំនឿ ហើយក៏មិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្ត និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។ ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកឲ្យសុចរិត»។
រ៉ូម 4:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រិត្យវិន័យបានគ្រងមរដក នោះសេចក្ដីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្ដីសន្យាក៏ឥតប្រយោជន៍ដែរ ឯក្រឹត្យវិន័យ នោះបង្កើតសេចក្ដីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រិត្យវិន័យ នោះក៏ឥតមានសេចក្ដីរំលងដែរ ដូច្នេះ សេចក្ដីសន្យាបានមកដោយសេចក្ដីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្ដីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រិត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង ដូចមានសេចក្ដីចែងទុកមកថា «អញបានតាំងឯងឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» រីឯនៅចំពោះព្រះ ជាទីជឿរបស់លោក ដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ នោះលោកជាឪពុករបស់យើងមែន ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្ដីដែលមានបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ» ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្ដីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ លោកក៏មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្ដីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន ហេតុនោះបានជារាប់សេចក្ដីជំនឿរបស់លោក ទុកជាសេចក្ដីសុចរិតដល់លោក។