រ៉ូម 4:13-22

រ៉ូម 4:13-22 គកស១៦

ដ្បិត​សេចក្តី​សន្យា​ដល់​លោក​អ័ប្រា‌ហាំ និង​ពូជ​ពង្ស​របស់​លោក​ថា នឹង​បាន​ទទួល​ពិភព‌លោក​ជា​មត៌ក នោះ​មិន​មែន​តាម​រយៈ​ក្រឹត្យ‌វិន័យ​ទេ គឺ​តាម​រយៈ​សេចក្តី​សុចរិត​ដែល​បាន​មក​ដោយ​ជំនឿ​វិញ។ ប្រសិន‌បើ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​បាន​គ្រង​មត៌ក នោះ​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​ទេ ហើយ​សេចក្តី​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។ ដូច្នេះ សេចក្តី​សន្យា​អាង​លើ​ជំនឿ ហើយ​ស្រប​តាម​ព្រះ‌គុណ គឺ​សម្រាប់​ពូជ​ពង្ស​របស់​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ តែ​សម្រាប់​ពួក​ដែល​មាន​ជំនឿ​ដូច​លោក​អ័ប្រា‌ហាំ ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» ។ គឺ​នៅ​ចំពោះ​ព្រះ​ដែល​លោក​បាន​ជឿ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ព្រះ​បន្ទូល​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង ឲ្យ​កើត​មាន។ នៅ​ពេល​អស់​សង្ឃឹម លោក​ជឿ​ទាំង​សង្ឃឹម​ថា លោក​នឹង​បាន​ទៅ​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ​បន្ទូល​ដែល​ថ្លែង​ទុក​មក​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​បាន​ដូច្នោះ» ។ ជំនឿ​របស់​លោក​មិន​បាន​ចុះ​ខ្សោយ​ឡើយ ទោះ​បើ​លោក​មើល​ទៅ​រូប‌កាយ​របស់​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​មួយ​រយ​ឆ្នាំ​ទៅ​ហើយ ហើយ​ទោះ​បើ​ផ្ទៃ​របស់​លោក​យាយ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ទៅ​ហើយ​នោះ​ក៏​ដោយ។ លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​លោក​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា បើ​ព្រះ​បាន​សន្យា​ធ្វើ​អ្វី នោះ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​បាន​មិន​ខាន។ ហេតុ​នេះ​ហើយ​បាន​ជា​ជំនឿ​របស់​លោក «ព្រះ​រាប់​លោក​ជា​សុចរិត»។

អាន រ៉ូម 4

វីដេអូសម្រាប់ រ៉ូម 4:13-22