រ៉ូម 4:1-8
រ៉ូម 4:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើលោកបានអ្វីខ្លះ? ដ្បិតបើលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិ នោះលោកមានហេតុនឹងអួតអាងបាន តែមិនមែនចំពោះព្រះទេ។ តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក» ។ ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិនរាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។ សូម្បីព្រះបាទដាវីឌក៏ថ្លែងអំពីព្រះពររបស់ពួកអ្នកដែលព្រះរាប់ជាសុចរិត ដោយមិនគិតពីការប្រព្រឹត្តិថា៖ «មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប» ។
រ៉ូម 4:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំ ដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ប៉ុន្តែ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងទេ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ» ។ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា: «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!» ។
រ៉ូម 4:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីជំនឿនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្ដីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្ដីសុចរិតវិញ ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ នឹងបាបខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។