វិវរណៈ 1:1-11
វិវរណៈ 1:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ូហានបានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលលោកបានឃើញ។ មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។ ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។ នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖ «អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
វិវរណៈ 1:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្តបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ត។ អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្ត ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ* និងព្យាយាមរួមជាមួយបងប្អូន ក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។ នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
វិវរណៈ 1:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល នឹងសេចក្ដីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលគាត់បានឃើញ មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។ ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានបន្ទូលថា អញជាអាលផា នឹងជាអូមេកា គឺជាដើម ហើយជាចុង។ យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។