វិវរណៈ 1:1-11

វិវរណៈ 1:1-11 គកស១៦

នេះ​ជា​ការ​បើក​សម្តែង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះ‌អង្គ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ពី​អស់​ទាំង​ហេតុ‌ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន ទ្រង់​ក៏​បាន​សម្តែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ជួប​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ឃើញ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​អាន​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។ យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ព្រម​ទាំង​តាំង​យើង​ជា​រាជា‌ណា‌ចក្រ ជា​ពួក​សង្ឃ​បម្រើ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ សូម​ថ្វាយ​សិរី‌ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។ មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។ ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​គង់​នៅ​សព្វ​ថ្ងៃ ក៏​គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល‌ផា និង​ជា​អូមេ‌កា»។ ខ្ញុំ យ៉ូហាន ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ចំណែក​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌យេស៊ូវ គឺ​ក្នុង​សេចក្តី​ទុក្ខ​លំបាក ក្នុង​ព្រះរាជ្យ និង​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ខ្ញុំ​នៅ​លើកោះ ឈ្មោះ​ប៉ាត់‌ម៉ុស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖ «អ្វីៗ​ដែល​អ្នក​ឃើញ ចូរ​កត់ត្រា​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេ‌សូរ ក្រុង​ស្មឺណា ក្រុង​ពើ‌កា‌ម៉ុស ក្រុង​ធា‌ទេរ៉ា ក្រុង​សើ‌ដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅ‌ឌីសេ»។

អាន វិវរណៈ 1