ទំនុកតម្កើង 98:1-9

ទំនុកតម្កើង 98:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។ ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា ផែនដី​ទាំង​មូល​អើយ ចូរទម្លាយ​ចេញ​ជាបទ​ចម្រៀង​ដោយ​អំណរ ហើយ​ច្រៀង​សរសើរ​ចុះ! ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង និង​ដោយ​សំឡេង​ដ៏​ពីរោះ។ ដោយ​ត្រែ និង​សូរ​ស្នែង ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​មហា‌ក្សត្រ! ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ ក្នុងពិភព​លោកផង! ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។

ទំនុកតម្កើង 98:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី និង​ព្រះ‌ចេស្ដា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះអង្គ ព្រះអង្គ​បាន​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។ ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជានិច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ! ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ស្មូត្រ​ទំនុកតម្កើង! ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដេញ​ពិណ គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ ចូរ​លើក​តម្កើង​ព្រះអង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ! សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ហើយ​ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី ព្រះអង្គ​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ ព្រះអង្គ​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។

ទំនុកតម្កើង 98:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះ របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់ នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រាអែល​ហើយ អស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ នៃ​យើង​ខ្ញុំ ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​តាម​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង ហើយ​ដោយ​សំឡេង​ដ៏​ពីរោះ ដោយ​ត្រែនឹង​សូរ​ស្នែង​ផង ចូរ​ឡើង​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​រំពង ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ក្នុង​នោះ ហើយ​លោកីយ នឹង​អស់​អ្នក​ដែល​នៅ​លោកីយ​ផង ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។

ទំនុកតម្កើង 98:1-9

ទំនុកតម្កើង 98:1-9 គខប