ទំនុកតម្កើង 41:7-10
ទំនុកតម្កើង 41:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលស្អប់ទូលបង្គំ នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។ ៙ គេពោលថា «ជំងឺមើលមិនជា បានរួតរឹតវាហើយ វាដេកជាប់ហើយ មិនអាចក្រោកចេញពីគ្រែវិញបានទេ»។ សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ!
ទំនុកតម្កើង 41:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងទូលបង្គំ ថាទូលបង្គំគេចមិនផុតពីស្លាប់។ គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ! គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។ សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។ ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមប្រណីមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឲ្យសមនឹងអំពើរបស់គេ។
ទំនុកតម្កើង 41:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា ទាស់នឹងទូលបង្គំ គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។ ៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវា ឥឡូវនេះ ដែលវាដេកចុះហើយ មុខជានឹងក្រោកឡើងវិញមិនបានឡើយ អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិត មេត្តាលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។