ទំនុកតម្កើង 37:25-29
ទំនុកតម្កើង 37:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។ ៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។
ទំនុកតម្កើង 37:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។ មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី គេបានទទួលកូនចៅទុកជាព្រះពរ។ ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
ទំនុកតម្កើង 37:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។ ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។