ទំនុកតម្កើង 30:1-12

ទំនុកតម្កើង 30:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បានស្រង់​ព្រលឹង​ទូល‌បង្គំ ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​ឡើង​វិញ ចេញ​ពី​ចំណោម​អស់​អ្នក ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។ ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។ រីឯ​ទូល‌បង្គំ ទូល‌បង្គំ​បាន​ពោល ក្នុង​គ្រា​ចម្រុង​ចម្រើន របស់​ទូល‌បង្គំ​ថា «ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ ឈរ​យ៉ាង​រឹង​មាំ ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ កាល​ព្រះ‌អង្គ​បាន​លាក់​ព្រះ​ភក្ត្រ​ទៅ នោះ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ស្រែករក​ព្រះ‌អង្គ គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា​ថា «តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!» ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ទំនុកតម្កើង 30:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ ព្រះអង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​អើយ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ! ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។ នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថា ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ព្រះអង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។ ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។ បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះអង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ​កើត​ឬ? ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ព្រះអង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សម្លៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។ ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ។

ទំនុកតម្កើង 30:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​វិញ មិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​នាំ​ព្រលឹង​ទូលបង្គំ​ឡើង រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រស់​នៅ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​អរ​ព្រះ‌គុណ ដោយ​នឹក​ចាំ​ពី​សេចក្ដី​បរិសុទ្ធ​នៃ​ទ្រង់ ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ តែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ ចំណែក​ខាង​ទូលបង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដី ចំរើន​របស់​ទូលបង្គំ​ថា ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​តាំង​ភ្នំ​នៃ​ទូលបង្គំ​ឡើង​ឲ្យ​មាំ‌មួន ដោយ​ព្រះ‌គុណ​ទ្រង់ កាល​ទ្រង់​បាន​លាក់​ព្រះ‌ភក្ត្រ​ទៅ នោះ​ទូលបង្គំ​មាន​សេចក្ដី​តក់‌ស្លុត តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ តើ​ធូលី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ តើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ដល់​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយ ដល់​ទូលបង្គំ​ផង នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូលបង្គំ ឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញ ទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញ ឲ្យ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។