ទំនុកតម្កើង 30:1-12

ទំនុកតម្កើង 30:1-12 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បានស្រង់​ព្រលឹង​ទូល‌បង្គំ ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​ឡើង​វិញ ចេញ​ពី​ចំណោម​អស់​អ្នក ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។ ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។ រីឯ​ទូល‌បង្គំ ទូល‌បង្គំ​បាន​ពោល ក្នុង​គ្រា​ចម្រុង​ចម្រើន របស់​ទូល‌បង្គំ​ថា «ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ ឈរ​យ៉ាង​រឹង​មាំ ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ កាល​ព្រះ‌អង្គ​បាន​លាក់​ព្រះ​ភក្ត្រ​ទៅ នោះ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ស្រែករក​ព្រះ‌អង្គ គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា​ថា «តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!» ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។