ទំនុកតម្កើង 3:1-6

ទំនុកតម្កើង 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​មាន គ្នា​ច្រើន​ណាស់! មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា៖ «ព្រះ​មិន​សង្គ្រោះ​គាត់​ទេ»។ -បង្អង់ ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។ ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់ ខ្ញុំ​ដេក​សម្រាក ហើយ​លង់​លក់ រួច​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ាជួយ​គាំទ្រ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​មនុស្ស​ទាំង​សល់‌សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។

ទំនុកតម្កើង 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ! មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូលបង្គំ​ថា «ព្រះ‌ជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។ - សម្រាក ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​ទូលបង្គំ ព្រះអង្គ​ផ្ដល់​សិរី​រុង​រឿង​ឲ្យ​ទូលបង្គំ និង​ប្រោស​ឲ្យ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។ ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ - សម្រាក ខ្ញុំ​ទម្រេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ខ្ញុំ។ ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។

ទំនុកតម្កើង 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូលបង្គំ​មាន គ្នា​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា​ហ្ន៎ មាន​មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ហើយ មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូលបង្គំ​ថា នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់ ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ខែល​បាំង​ទូលបង្គំ​ជុំវិញ ក៏​ជា​សិរី‌ល្អ​នៃ​ទូលបង្គំ ហើយ​ជា​អ្នក​លើក​ក្បាល​ទូលបង្គំ​ឡើង​ដែរ ខ្ញុំ​ឡើង​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់។ បង្អង់ ៙ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយ​ក៏​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​ដល់​មនុស្ស​ទាំង​សល់‌សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំវិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។