ទំនុកតម្កើង 23:1-6

ទំនុកតម្កើង 23:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។ ៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។ ៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។ ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត ។

ទំនុកតម្កើង 23:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ ព្រះអង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់ នៅ​ក្បែរ​មាត់​ទឹក។ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។ ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច។ ព្រះអង្គ​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ទូលបង្គំ នៅ​មុខ​បច្ចា‌មិត្ត​របស់​ទូលបង្គំ ព្រះអង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំ ដើម្បី​លើក​កិត្តិយស​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​បំពេញ​ពែង ទូលបង្គំ​យ៉ាង​ហូរ‌ហៀរ។ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូលបង្គំ ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់ មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជានិច្ច។

ទំនុកតម្កើង 23:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់។ ៙ អើ ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ ទ្រង់​រៀប​តុ​នៅ​មុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំង​សត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ ពែង​នៃ​ទូលបង្គំ​ក៏​ពេញ​ហៀរ។ ៙ ប្រាកដ​ជា​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​រៀង​ដរាប​ទៅ។

ទំនុកតម្កើង 23:1-6

ទំនុកតម្កើង 23:1-6 គខបទំនុកតម្កើង 23:1-6 គខប