ទំនុកតម្កើង 22:22-26
ទំនុកតម្កើង 22:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។ អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។ ៙ ព្រះអង្គជាដើមហេតុ ដែលនាំឲ្យទូលបង្គំសរសើរ នៅក្នុងក្រុមជំនុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅចំពោះមុខ អស់អ្នកដែលកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប!
ទំនុកតម្កើង 22:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ។ អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។ ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
ទំនុកតម្កើង 22:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់ ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច