ទំនុកតម្កើង 22:11-23

ទំនុកតម្កើង 22:11-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។ ៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។ គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ ៙ ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។ ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ចែកគ្នា ហើយ​គេ​នាំ​គ្នា​ចាប់​ឆ្នោត យក​អាវ​វែង​របស់​ទូល‌បង្គំ ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង! សូម​រំ​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវ និង​ជីវិត​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ​ទាំង​នេះ! សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មាត់​សិង្ហ អើ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ! ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ។ ៙ ទូល‌បង្គំ​នឹង​ប្រកាសអំពី​ព្រះ‌នាម​ព្រះ‌អង្គ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​សរសើរ​តម្កើងព្រះ‌អង្គ នៅ​កណ្ដាល​ក្រុម​ជំនុំ ។ អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​ព្រះ‌អង្គ អ្នក​ទាំង​អស់​គ្នា ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!

ទំនុកតម្កើង 22:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។ សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន។ ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។ បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។ មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។ ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ទូលបង្គំ។ គេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ។ រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។ សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ! សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​រួច​ផុត​ពី​ស្នែង​ក្របី! ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។ ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ។ អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​អ៊ីស្រា‌អែល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!។

ទំនុកតម្កើង 22:11-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ វា​ហា​មាត់​ដាក់​ទូលបង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម ទូលបង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូលបង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់ ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ គេ​យក​សំលៀក‌បំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ដាវ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ចេញ​ពី​មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង ដ្បិត​ទ្រង់​បាន​ស្តាប់​ទូលបង្គំ​ហើយ។ ៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​សរសើរ​ដំកើងទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើង អស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ