ទំនុកតម្កើង 22:1-6
ទំនុកតម្កើង 22:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ? ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។ ប៉ុន្តែ ឱព្រះដែលថ្កើងឡើង នៅលើពាក្យសរសើររបស់ អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។ បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ ពួកលោកបានទុកចិត្ត ហើយព្រះអង្គបានរំដោះពួកលោក។ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។
ទំនុកតម្កើង 22:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល ទូលបង្គំដូច្នេះ? ទូលបង្គំបានស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា សរសើរតម្កើងព្រះអង្គ។ បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។
ទំនុកតម្កើង 22:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់ អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ ពួកឰយុកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់ គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេ ជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន