ទំនុកតម្កើង 22:1-31
ទំនុកតម្កើង 22:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ? ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។ ប៉ុន្តែ ឱព្រះដែលថ្កើងឡើង នៅលើពាក្យសរសើររបស់ អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។ បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ ពួកលោកបានទុកចិត្ត ហើយព្រះអង្គបានរំដោះពួកលោក។ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។ អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា «វាទុកចិត្តនឹងព្រះយេហូវ៉ា ឲ្យព្រះអង្គរំដោះវាទៅ ឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតព្រះអង្គគាប់ចិត្តនឹងវា!» ៙ ប៉ុន្តែ គឺព្រះអង្គដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយមក ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។ ព្រះអង្គឃុំគ្រងទូលបង្គំតាំងពីផ្ទៃម្ដាយ ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីម្ដាយសម្រាលទូលបង្គំមក។ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ គ្មានអ្នកណាជួយទូលបង្គំទេ។ ៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន នៅជុំវិញទូលបង្គំ។ គេហាមាត់ធំដាក់ទូលបង្គំ ដូចជាសិង្ហដែលគ្រហឹមបម្រុងនឹងហែកស៊ី។ ៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។ ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ហើយគេនាំគ្នាចាប់ឆ្នោត យកអាវវែងរបស់ទូលបង្គំ ។ ៙ ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង! សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ! សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។ ៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។ អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។ ៙ ព្រះអង្គជាដើមហេតុ ដែលនាំឲ្យទូលបង្គំសរសើរ នៅក្នុងក្រុមជំនុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅចំពោះមុខ អស់អ្នកដែលកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប! ៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។ ដ្បិតអំណាចគ្រប់គ្រងជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គគ្រប់គ្រងលើជាតិសាសន៍នានា។ ៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។ នឹងមានពូជពង្សមួយគោរពប្រតិបត្តិ ដល់ព្រះអង្គ គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់ ដល់មនុស្សជំនាន់ក្រោយ គេនឹងមក ហើយប្រកាសអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។
ទំនុកតម្កើង 22:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល ទូលបង្គំដូច្នេះ? ទូលបង្គំបានស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា សរសើរតម្កើងព្រះអង្គ។ បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឲ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។ ព្រះអម្ចាស់អើយ ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក ហើយព្រះអង្គបានផ្ញើទូលបង្គំ ទៅឲ្យអ្នកម្ដាយបំបៅ។ កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងតែពីមុនពេល ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ ពេលនេះ ទូលបង្គំមានភ័យអាសន្ន គ្មាននរណាជួយទូលបង្គំទេ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។ សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ ទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញទូលបង្គំ ដូចគោបាមកពីស្រុកបាសាន។ ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំ ដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។ កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។ បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែង អណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើត ព្រះអង្គបានទុកឲ្យទូលបង្គំស្លាប់ក្នុងធូលីដី។ មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។ ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។ គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ។ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ! ព្រះអង្គជាកម្លាំងនៃទូលបង្គំ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។ សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ សូមដោះលែងទូលបង្គំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។ ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ។ អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។ ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ ប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។ មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គ ហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។ គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ របស់ព្រះអង្គ។
ទំនុកតម្កើង 22:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់ អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ ពួកឰយុកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់ គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេ ជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យ គេបូញមាត់ ហើយគ្រវីក្បាល ដោយថា វាបានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួច ចូរឲ្យទ្រង់ជួយសង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ ជាទីគាប់ចិត្តហើយ ប៉ុន្តែគឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះ ម្តាយនៅឡើយ ទូលបង្គំបានត្រូវទំលាក់លើទ្រង់ តាំងពីផ្ទៃម្តាយមក តាំងពីម្តាយសំរាលទូលបង្គំមក នោះទ្រង់ ជាព្រះនៃទូលបង្គំហើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមាន អ្នកណានឹងជួយសោះ មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ វាហាមាត់ដាក់ទូលបង្គំ ប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់ ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសំឡឹងមកទូលបង្គំ គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង ដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។ ៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់ ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ា ហើយត្រឡប់បែរមកឯទ្រង់ អស់ទាំងពូជពង្សនៃនគរទាំងឡាយ នឹងថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់ គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្ស ក្រោយតទៅ គេនឹងមក ហើយនឹងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ដល់មនុស្ស១ពួក ដែលមិនទាន់កើតមកថា គឺទ្រង់ដែលបានធ្វើការនោះ។