ទំនុកតម្កើង 116:1-12

ទំនុកតម្កើង 116:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។ ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ការ​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បានរឹត​រួត​ខ្ញុំ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ថប់​បារម្ភ។ ពេលនោះ ខ្ញុំ​បាន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ​ផង!» ៙ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។ ព្រះ‌យេហូវ៉ា​ជួយ​ការពារ​មនុស្ស​ឆោត​ល្ងង់ កាល​ខ្ញុំ​ត្រូវ​គេ​បន្ទាប‌បន្ថោក ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។ ៙ ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំ ហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។ ខ្ញុំ​បាន​ជឿ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ពោល​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់»។ ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។ ៙ តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌យេហូវ៉ា ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?

ទំនុកតម្កើង 116:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។ មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។ ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​មេត្តា។ ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពិភព​មនុស្ស​លោក​នេះ។ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។ ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស ណា​ម្នាក់​បាន​ឡើយ។ តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

ទំនុកតម្កើង 116:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​អស់​១​ជីវិត ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ហើយ​សេចក្ដី​ឈឺ‌ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​ចាប់​ខ្ញុំ ខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា នឹង​ព្រួយ​បារម្ភ នោះ​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​សុចរិត អើ ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​មាន​សេចក្ដី​អាណិត‌អាសូរ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ទំនុក​បំរុង​មនុស្ស​ឆោត​ល្ងង់ ឯ​ខ្ញុំ​ក៏​បាន​ត្រូវ​គេ​បន្ទាប‌បន្ថោក​ម្តង ហើយ​ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ គឺ​ទ្រង់​បាន​ប្រោស​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ នឹង​ឲ្យ​ខ្ញុំ​រួច​ពី​ការ​ស្រក់​ទឹក​ភ្នែក ហើយ​ឲ្យ​ជើង​ខ្ញុំ​រួច​ពី​ការ​ចំពប់​ដួល​ផង ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ស្ថាន​នៃ​មនុស្ស​រស់ ខ្ញុំ​បាន​ជឿ​ហើយ បាន​ជា​ខ្ញុំ​ថា ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ណាស់ ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ា ចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន

ទំនុកតម្កើង 116:1-12

ទំនុកតម្កើង 116:1-12 គខបទំនុកតម្កើង 116:1-12 គខបទំនុកតម្កើង 116:1-12 គខប