សុភាសិត 14:19-35

សុភាសិត 14:19-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​អាក្រក់​រមែង​ឱន​ចុះ​នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​របស់​មនុស្ស​សុចរិត​ដែរ។ មនុស្ស​ក្រ​គេ​តែង​ស្អប់​ខ្ពើម សូម្បី​តែ​អ្នក​ជិត​ខាង​ខ្លួន តែ​អ្នក​មាន​វិញ គេ​មាន​មិត្ត​សម្លាញ់​ច្រើន​ណាស់។ អ្នក​ណា​ដែល​មើល​ងាយ​ដល់​អ្នក​ជិត​ខាង ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ ប៉ុន្តែ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​ល្អ នឹង​បាន​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត។ អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សម្ដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។ ទ្រព្យ​សម្បត្តិ​ជា​មកុដ​សម្រាប់​មនុស្ស​មាន​ប្រាជ្ញា តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចម្កួត​សុទ្ធ។ សាក្សី​ទៀង​ត្រង់​រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត​ភរ​វិញ។ មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រ‌យោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​ប្រជា‌រាស្ត្រ ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្ដា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។ អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ នោះ​សម្ញែង​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។ ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រម្ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ ដល់​ឆ្អឹង​វិញ។ អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដែល​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កម្សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់ ក្នុង​កាល​ដែល​ស្លាប់​វិញ។ ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។ សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស ដល់​សាសន៍​ណាៗ​ក៏​ដោយ។ មហា‌ក្សត្រ​តែង​ផ្តល់​គុណ​ដល់​អ្នក​បម្រើ​ណា ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ស្ដេច នឹង​ធ្លាក់​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស។

ចែក​រំលែក
អាន សុភាសិត 14

សុភាសិត 14:19-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​អាក្រក់​មុខ​ជា​ឱន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។ អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។ អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។ អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។ អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។ សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។ សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​ឲ្យ​វិនាស។ អ្នក​ណា​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹង‌មាំ ហើយ​ព្រះអង្គ​ធ្វើ​ជា​ជម្រក​ដល់​កូន​ចៅ​របស់​គេ។ ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។ ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។ អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។ ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។ អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះអង្គ​វិញ។ មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជានិច្ច។ មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។ សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។ ព្រះ​មហា‌ក្សត្រ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។

ចែក​រំលែក
អាន សុភាសិត 14

សុភាសិត 14:19-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មនុស្ស​អាក្រក់​រមែង​ឱន​ចុះ នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​នៃ​មនុស្ស​សុចរិត​ដែរ។ មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្រ​សំឡាញ់​ច្រើន។ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។ មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែឯ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​ល្អ​វិញ នោះ​នឹង​បាន​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត។ អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។ ទ្រព្យ​សម្បត្តិ​ជា​មកុដ​ដល់​មនុស្ស​ប្រាជ្ញ តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចំកួត​សុទ្ធ។ សាក្សី​ទៀង​ត្រង់ រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត‌ភរ​វិញ។ មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅហ្វាយ បើ​គ្មាន​បណ្តាជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។ អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។ ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។ អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។ មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្ដី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ នោះ​រមែង​សំដែង​ចេញ​មក។ សេចក្ដី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។ មហា‌ក្សត្រ​តែង​ផ្តល់​គុណ ដល់​អ្នក​បំរើ​ណា​ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នឹង​ទាស់​ចំពោះ​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​ខ្មាស​វិញ។

ចែក​រំលែក
អាន សុភាសិត 14