សុភាសិត 14:19-35
សុភាសិត 14:19-35 គកស១៦
មនុស្សអាក្រក់រមែងឱនចុះនៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វាររបស់មនុស្សសុចរិតដែរ។ មនុស្សក្រគេតែងស្អប់ខ្ពើម សូម្បីតែអ្នកជិតខាងខ្លួន តែអ្នកមានវិញ គេមានមិត្តសម្លាញ់ច្រើនណាស់។ អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។ មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយ ប៉ុន្តែ មនុស្សដែលគិតគូរបង្កើតការល្អ នឹងបានសេចក្ដីមេត្តា និងសេចក្ដីពិត។ អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកម្រៃ តែសម្ដីទទេៗនាំឲ្យក្រខ្សត់វិញ។ ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។ សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។ មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ ស្តេចមានសិរីល្អ នោះគឺដោយមានប្រជារាស្ត្រ ជាច្រើន ឯចៅហ្វាយ បើគ្មានបណ្ដាជន នោះត្រូវធ្លាក់ចុះវិញ។ អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។ ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។ អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។ ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្ស ដែលមានយោបល់ តែក្នុងចិត្តរបស់មនុស្សខ្លៅ មិន ដែលស្គាល់ប្រាជ្ញាទេ។ សេចក្ដីសុចរិតរមែងលើកតម្កើងនគរ តែអំពើបាបជាទីគួរខ្មាស ដល់សាសន៍ណាៗក៏ដោយ។ មហាក្សត្រតែងផ្តល់គុណដល់អ្នកបម្រើណា ដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ស្ដេច នឹងធ្លាក់លើអ្នកដែលប្រព្រឹត្តអំពើគួរខ្មាស។

