ភីលីព 1:22-26
ភីលីព 1:22-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើខ្ញុំរស់ខាងសាច់ឈាម មានន័យថាប្រមូលផលសម្រាប់ខ្លួនខ្ញុំ នោះខ្ញុំមិនដឹងជារើសយកខាងណាទេ។ ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។ ប៉ុន្តែ ដែលរស់នៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ ខ្ញុំជឿជាក់ដូច្នេះ គឺខ្ញុំដឹងថា ខ្ញុំនឹងរស់នៅជាមួយអ្នកទាំងអស់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ហើយឲ្យមានអំណរដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។
ភីលីព 1:22-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាង ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រិស្ត នោះប្រសើរជាងឆ្ងាយណាស់ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ ខ្ញុំជឿជាក់ និងដឹងថា ខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានចម្រើនឡើង ទាំងមានអំណរមកពីជំនឿ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
ភីលីព 1:22-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ បើរស់ខាងឯសាច់ឈាម នឹងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ខ្ញុំមានសេចក្ដីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ហើយដោយហេតុដែលខ្ញុំជឿសេចក្ដីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថា ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្ដីអំណរ ដោយសារសេចក្ដីជំនឿផង ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត