ភីលីព 1:16-30
ភីលីព 1:16-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។ ដ្បិតសម្រាប់ខ្ញុំ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ។ ប្រសិនបើខ្ញុំរស់ខាងសាច់ឈាម មានន័យថាប្រមូលផលសម្រាប់ខ្លួនខ្ញុំ នោះខ្ញុំមិនដឹងជារើសយកខាងណាទេ។ ខ្ញុំមានការរារែកទាំងសងខាង ម្យ៉ាងមានចិត្តចង់ចេញទៅនៅជាមួយព្រះគ្រីស្ទ ដែលប្រសើរជាងឆ្ងាយណាស់។ ប៉ុន្តែ ដែលរស់នៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង។ ខ្ញុំជឿជាក់ដូច្នេះ គឺខ្ញុំដឹងថា ខ្ញុំនឹងរស់នៅជាមួយអ្នកទាំងអស់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ហើយឲ្យមានអំណរដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ។ ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។
ភីលីព 1:16-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ត ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្តជួយខ្ញុំដែរ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្តក្នុងរូបកាយខ្ញុំ។ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាង ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រិស្ត នោះប្រសើរជាងឆ្ងាយណាស់ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ ខ្ញុំជឿជាក់ និងដឹងថា ខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានចម្រើនឡើង ទាំងមានអំណរមកពីជំនឿ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អទៀតផង គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្តុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់ ដ្បិតព្រះអង្គប្រណីសន្ដោសបងប្អូនឲ្យបម្រើព្រះគ្រិស្ត ដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាក ដើម្បីព្រះអង្គទៀតផង។ បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
ភីលីព 1:16-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្ដីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្ដីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង តាមសេចក្ដីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ប៉ុន្តែ បើរស់ខាងឯសាច់ឈាម នឹងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ខ្ញុំមានសេចក្ដីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ហើយដោយហេតុដែលខ្ញុំជឿសេចក្ដីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថា ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្ដីអំណរ ដោយសារសេចក្ដីជំនឿផង ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង ឥតមានភ័យខ្លាច ចំពោះពួកទាស់ទទឹងក្នុងការអ្វីឡើយ ដំណើរនោះឯង នឹងសំដែងពីសេចក្ដីហិនវិនាសរបស់គេ តែពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាវិញ ដែលសេចក្ដីនោះបានមកពីព្រះផង ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ ទាំងកើតមានសេចក្ដីតតាំងដដែល ដែលឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំមានទៀត។