ភីលីព 1:16-30

ភីលីព 1:16-30 គកស១៦

អ្នក​ទាំង​នេះ ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដោយ​ចិត្ត​ស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ជាប់​នៅ​ទី​នេះ សម្រាប់​នឹង​ឆ្លើយ​ការ​ពារ​ដំណឹង​ល្អ។ អ្នក​ខ្លះ​ទៀត ប្រកាស​អំពី​ព្រះគ្រីស្ទ​ដោយ​ការ​ប្រកួត​ប្រជែង មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ គឺ​ដើម្បី​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​របស់​ខ្ញុំ។ តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា តាម​រយៈ​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា និង​ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ជួយ​ផង ការ​នេះ​នឹង​ត្រឡប់​ជា​ការ​សង្គ្រោះ​ដល់​ខ្ញុំ​វិញ។ អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។ ដ្បិត​សម្រាប់​ខ្ញុំ ដែល​រស់​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ ហើយ​ដែល​ស្លាប់​ទៅ​ក៏​ចំណេញ​ដែរ។ ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។ ខ្ញុំ​ជឿ​ជាក់​ដូច្នេះ គឺ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​តទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង ហើយ​ឲ្យ​មាន​អំណរ​ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។ ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ ហើយ​មិន​ញញើត​ពួក​អ្នក​ប្រឆាំង ក្នុង​ប្រការ​ណា​ឡើយ។ នេះ​ជា​ភស្តុតាង​ដែល​ពួក​គេ​ត្រូវ​វិនាស ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​បាន​សង្រ្គោះ​វិញ ហើយ​ការ​នេះ​មក​ពី​ព្រះ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស ដែល​មិន​គ្រាន់​តែ​ឲ្យ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ព្រះ‌អង្គ​ដែរ ទាំង​មាន​ការ​តយុទ្ធ​តែ​មួយ ដូច​ដែល​បាន​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​នៅ​តែ​មាន​ទៀត។

អាន ភីលីព 1