ជនគណនា 22:22-27
ជនគណនា 22:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើង ព្រោះគាត់ចេញទៅដូច្នេះ ហើយទេវតារបស់ព្រះយេហូវ៉ាក៏មកឈររាំងផ្លូវ ធ្វើជាសត្រូវទាស់នឹងគាត់។ ពេលនោះ គាត់កំពុងជិះនៅលើលា ទាំងមានអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយ។ លាបានឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នឹងដៃ។ ដូច្នេះ លាក៏ងាកចេញពីផ្លូវ ហើយចូលទៅក្នុងចម្ការ តែបាឡាមវាយលាឲ្យដើរចូលមកតាមផ្លូវវិញ។ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏ឈរនៅច្រកផ្លូវមួយ នៅកណ្ដាលចម្ការទំពាំងបាយជូរ ដែលមានរបងនៅសងខាង។ កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏ចូលទៅអែបនឹងរបង ហើយគាបជើងបាឡាមទៅនឹងរបង ដូច្នេះ គាត់វាយវាម្តងទៀត។ បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាក៏ទៅមុខបន្តិច ហើយឈរនៅកន្លែងចង្អៀតមួយ ដែលគ្មានផ្លូវងាកទៅស្តាំ ឬទៅឆ្វេងបានឡើយ។ កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏លុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង ហើយកំហឹងរបស់បាឡាមក៏ឆួលឡើង រួចគាត់វាយលានឹងឈើច្រត់។
ជនគណនា 22:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។ លាញីបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។ ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។ លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។
ជនគណនា 22:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសេចក្ដីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯគាត់ៗជិះនៅលើលា មានទាំងអ្នកបំរើ២នាក់ទៅជាមួយផង លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចំការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់