ជនគណនា 20:7-9
ជនគណនា 20:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបង ហើយប្រមូលក្រុមជំនុំឲ្យជួបជុំគ្នា គឺអ្នក និងអើរ៉ុនជាបងរបស់អ្នក រួចបង្គាប់ថ្មដានៅចំពោះមុខគេ ឲ្យទឹកហូរចេញមក។ ដូច្នេះ អ្នកត្រូវនាំទឹកចេញពីថ្មសម្រាប់ពួកគេ។ អ្នកត្រូវឲ្យទឹកដល់ក្រុមជំនុំ ព្រមទាំងហ្វូងសត្វរបស់គេផឹក តាមរបៀបនេះឯង»។ ដូច្នេះ លោកម៉ូសេក៏យកដំបងដែលស្ថិតនៅចំពោះព្រះយេហូវ៉ា ដូចព្រះអង្គបានបង្គាប់លោក។
ជនគណនា 20:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។ លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។
ជនគណនា 20:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង នឹងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹកឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក