ជនគណនា 20:1-6

ជនគណនា 20:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។ កន្លែង​នោះ​គ្មាន​ទឹក​សម្រាប់​ក្រុម​ជំនុំ​ទេ ដូច្នេះ គេ​ក៏​លើក​គ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ប្រជាជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ​ថា៖ «ស៊ូ​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​កាល​ដែល​បង​ប្អូន​របស់​យើង​បាន​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ទៅ​ចុះ! ហេតុ​អ្វី​បាន​ជា​លោក​នាំ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ជាមួយ​ហ្វូង​សត្វ​របស់​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ពួក​យើង​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​នាំ​យើង​មក​កន្លែង​ហិន‌ហោច​ដូច្នេះ? ទី​នេះ​គ្មាន​កន្លែង​សាប‌ព្រោះ គ្មាន​ដើម​ល្វា គ្មាន​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ដើម​ទទឹម​ទេ ហើយ​សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង»។ ពេល​នោះ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​ទៅ​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពួក​លោក​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ពួក​លោក​ឃើញ។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។ ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ ប្រជា‌ជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បងប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។ កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង ឯ​ម៉ូសេ នឹង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ

ចែក​រំលែក
អាន ជនគណនា 20