ជនគណនា 16:1-19

ជនគណនា 16:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន បាន​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ប្រជាជន​អ៊ីស្រា‌អែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ចំណោម​ពួក‌គេ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ចូល​រួម។ អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?» កាល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ ចូរ​ធ្វើ​ដូច្នេះ​ចុះ គឺ​កូរេ​ឯង និង​បក្ស​ពួក​របស់​អ្នក ទាំង​ប៉ុន្មាន ត្រូវ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​មក ហើយ​ស្អែក​នេះ ចូរ​យក​ភ្លើង​ដាក់​ក្នុង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!» លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅកូរេ​ថា៖ «កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​ចុះ! ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ? ព្រះ‌អង្គ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​ចៅ​លេវី​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទាំង​អស់ ចូល​ទៅ​ជិត​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត! ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?» លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត? ម្យ៉ាង​ទៀត លោក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ និង​ចម្ការ​ទាំង​បាយ​ជូរ​មក​យើង​ទុក​ជា​មត៌ក​ដែរ។ តើ​លោក​ចង់​បន្លំ​ភ្នែក​មនុស្ស​ទាំង​នេះ​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។ លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ​ថា៖ «ថ្ងៃ​ស្អែក​នេះ ចូរ​អ្នក និង​បក្ស​ពួក​របស់​អ្នក​ទាំង​ប៉ុន្មាន ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​អ្នក និង​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក រួច​ដាក់​កំញាន​ពី​លើ ហើយ​ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ពាន​ពីរ​រយ​ហា​សិប ឯ​អ្នក និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ»។ ដូច្នេះ ម្នាក់ៗ​បាន​យក​ពាន​មក​រៀង​ខ្លួន ហើយ​គេ​ដាក់​ភ្លើង និង​រោយ​កំញាន​ពី​លើ​ពាន​ទាំង​នោះ រួច​គេ​ឈរ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ជា‌មួយ​លោក​ម៉ូសេ និង​អើរ៉ុន។ ឯកូរេ​ក៏​ប្រមូល​ក្រុម​ជំនុំ​ទាំង​មូល​មក​ទាស់​នឹង​លោក​ទាំង​ពីរ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ។

ចែក​រំលែក
អាន ជនគណនា 16

ជនគណនា 16:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​កូរេ​ជា​កូន​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូន​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។ អ្នក​ទាំង​នោះ​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​ពីរ​រយ​ហា‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំទ្រ​ផង។ ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។ កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នរណា​ជា​មនុស្ស​ដ៏វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ។ ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះអង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះអង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ? ព្រះអង្គ​ឲ្យ​លោក និង​បងប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះអង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខងារ​ជា​បូជា‌ចារ្យ​ថែម​ទៀត! ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ តើ​លោក​អើរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។ លោក​ម៉ូសេ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត? លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង‌បាយជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​កុំ​រវី‌រវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូលបង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូលបង្គំ​មិន​បាន​យក​ដែរ ទូលបង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អើរ៉ុន ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ រីឯ​លោក​អើរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។ ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។

ចែក​រំលែក
អាន ជនគណនា 16

ជនគណនា 16:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កូរេ ជា​កូន​យីតសារ ដែល​ជា​កូន​កេហាត់​ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន នឹង​អ័ប៊ីរ៉ាម ជា​កូន​អេលាប ហើយ​នឹង​អូន ជា​កូន​ពេលេត ក្នុង​ពួក​កូន​ចៅ​រូបេន គេ​លើក​គ្នា​នៅ​មុខ​ម៉ូសេ ជា​មួយ​នឹង​មនុស្ស​២៥០​នាក់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ពួក​គេ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ផង អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។ កាល​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ ឆ្លើយ​នឹង​កូរេ ហើយ​នឹង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សំដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ នឹង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់ ចូរ​ឲ្យ​កូរេ​ឯង នឹង​ពួក​អ្នក​នៅ​ជា​មួយ​ធ្វើ​ដូច្នេះ​ចុះ ឲ្យ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​ទៅ រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ ព្រម​ទាំង​នាំ​ឯង​រាល់​គ្នា នឹង​ពួក​លេវី​ជា​បង​ប្អូន​ឯង​ទាំង​អស់​មក​ជិត​ផង នោះ​តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​រក​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត​ដូច្នេះ ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។ ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន នឹង​អ័ប៊ីរ៉ាម ជា​កូន​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា យើង​មិន​ទៅ​ទេ ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត ១​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចំការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។ ដូច្នេះ​ម៉ូសេ​ក៏​ខឹង​ណាស់ ហើយ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា សូម​ទ្រង់​កុំ​រាប់‌អាន​ដង្វាយ​គេ​ឡើយ ទូលបង្គំ​មិន​បាន​យក​សត្វ​លា​របស់​គេ សូម្បី​តែ​១​ផង ក៏​មិន​ដែល​ប្រទូស‌រ៉ាយ​ចំពោះ​ពួក​គេ​ណា​ឡើយ។ រួច​ម៉ូសេ​បង្គាប់​ដល់​កូរេ​ថា ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ គឺ​ឯង នឹង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង នឹង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។

ចែក​រំលែក
អាន ជនគណនា 16