ជន‌គណនា 16:1-19

ជន‌គណនា 16:1-19 គកស១៦

ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន បាន​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ប្រជាជន​អ៊ីស្រា‌អែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ចំណោម​ពួក‌គេ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ចូល​រួម។ អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?» កាល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ ចូរ​ធ្វើ​ដូច្នេះ​ចុះ គឺ​កូរេ​ឯង និង​បក្ស​ពួក​របស់​អ្នក ទាំង​ប៉ុន្មាន ត្រូវ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​មក ហើយ​ស្អែក​នេះ ចូរ​យក​ភ្លើង​ដាក់​ក្នុង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!» លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅកូរេ​ថា៖ «កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​ចុះ! ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ? ព្រះ‌អង្គ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​ចៅ​លេវី​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទាំង​អស់ ចូល​ទៅ​ជិត​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត! ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?» លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត? ម្យ៉ាង​ទៀត លោក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ និង​ចម្ការ​ទាំង​បាយ​ជូរ​មក​យើង​ទុក​ជា​មត៌ក​ដែរ។ តើ​លោក​ចង់​បន្លំ​ភ្នែក​មនុស្ស​ទាំង​នេះ​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។ លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ​ថា៖ «ថ្ងៃ​ស្អែក​នេះ ចូរ​អ្នក និង​បក្ស​ពួក​របស់​អ្នក​ទាំង​ប៉ុន្មាន ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​អ្នក និង​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក រួច​ដាក់​កំញាន​ពី​លើ ហើយ​ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ពាន​ពីរ​រយ​ហា​សិប ឯ​អ្នក និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ»។ ដូច្នេះ ម្នាក់ៗ​បាន​យក​ពាន​មក​រៀង​ខ្លួន ហើយ​គេ​ដាក់​ភ្លើង និង​រោយ​កំញាន​ពី​លើ​ពាន​ទាំង​នោះ រួច​គេ​ឈរ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ជា‌មួយ​លោក​ម៉ូសេ និង​អើរ៉ុន។ ឯកូរេ​ក៏​ប្រមូល​ក្រុម​ជំនុំ​ទាំង​មូល​មក​ទាស់​នឹង​លោក​ទាំង​ពីរ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ។

អាន ជន‌គណនា 16