ជនគណនា 13:26-31
ជនគណនា 13:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។ ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។ សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។ ប៉ុន្ដែ កាលែបបានប្រាប់ឲ្យប្រជាជននៅស្ងៀមនៅចំពោះមុខលោកម៉ូសេ ហើយពោលថា៖ «ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់ ដ្បិតយើងអាចនឹងយកជ័យជម្នះបានដោយស្រួល»។ ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។
ជនគណនា 13:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សម្បើម។ ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។ ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្ដើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជម្នះមិនខាន!»។ ក៏ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោក នាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។
ជនគណនា 13:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង គេជំរាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស នឹងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។ ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល ប៉ុន្តែមនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់