នេហេមា 8:9-11
នេហេមា 8:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯលោកនេហេមាដែលជាទេសាភិបាល និងសង្ឃអែសរ៉ាដែលជាស្មៀន ព្រមទាំងពួកលេវីដែលបង្រៀនប្រជាជន ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា មិនត្រូវកាន់ទុក្ខ ឬយំសោកឡើយ»។ ដ្បិតប្រជាជនទាំងឡាយយំ ពេលគេឮពាក្យក្នុងក្រឹត្យវិន័យ។ បន្ទាប់មក លោកបន្តមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅបរិភោគអាហារ ហើយផឹកស្រាឆ្ងាញ់ៗទៅ សូមយកខ្លះជូនអ្នកណាដែលគ្មានអ្វីរៀបចំឲ្យនោះផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខឡើយ ដ្បិតអំណររបស់ព្រះយេហូវ៉ា ជាកម្លាំងរបស់អ្នករាល់គ្នា»។ ដូច្នេះ ពួកលេវីបានលួងលោមប្រជាជនឲ្យនៅស្ងៀម ដោយពាក្យថា៖ «ចូរអ្នករាល់គ្នាស្ងាត់ស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ មិនត្រូវកើតទុក្ខឡើយ»។
នេហេមា 8:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងក្រឹត្យវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយក្រឹត្យវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។
នេហេមា 8:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ នឹងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា យ៉ាងនោះពួកលេវីបានលួងលោម ឲ្យបណ្តាជននៅស្ងៀម ដោយពាក្យថា ចូរអ្នករាល់គ្នាស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ កុំឲ្យព្រួយចិត្តឡើយ