នេហេមា 5:1-7
នេហេមា 5:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានសម្រែកជាខ្លាំងរបស់ប្រជាជន និងប្រពន្ធរបស់ពួកគេ ស្រែកឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។ ដ្បិតមានអ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំ មានគ្នាជាច្រើន សូមឲ្យយើងខ្ញុំមានអាហារ ដើម្បីទទួលទាន ហើយរស់នៅផង»។ មានអ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការ និងផ្ទះសំបែងរបស់យើងខ្ញុំអស់ហើយ សូមឲ្យយើងខ្ញុំមានអាហារទទួលទាន នៅគ្រាអំណត់នេះផង»។ មានអ្នកខ្លះផ្សេងទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូនរបស់យើងខ្ញុំ មានសាច់ឈាមដូចគ្នា កូនចៅរបស់យើងខ្ញុំ ក៏ដូចជាកូនចៅរបស់ពួកគេដែរ តែមើល៍ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាទាសកររបស់គេ យើងខ្ញុំទាល់ច្រកហើយ ដ្បិតស្រែចម្ការរបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃដែរ»។ កាលខ្ញុំបានឮសម្រែករបស់ពួកគេ ហើយឮពាក្យទាំងនេះ ខ្ញុំមានចិត្តក្ដៅក្រហាយជាខ្លាំង។ ខ្ញុំក៏ពិចារណាក្នុងចិត្ត ហើយបន្ទោសពួកអភិជន និងពួកមេគ្រប់គ្រង។ ខ្ញុំនិយាយទៅពួកគេថា៖ «អស់លោកគ្រប់គ្នា ទារយកការ ពីពួកបងប្អូនរបស់ខ្លួន»។ ខ្ញុំក៏រៀបចំឲ្យមានការប្រជុំមួយយ៉ាងធំ ទាស់នឹងពួកគេ
នេហេមា 5:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលនោះ មានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។ អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។ អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំងបាយជូរ និងផ្ទះសំបែង»។ អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។ សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។ ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។ ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។
នេហេមា 5:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មានសូរសំរែកជាខ្លាំងនៃពួកជន នឹងប្រពន្ធគេ កើតឡើងទាស់នឹងពួកបងប្អូន ជាសាសន៍យូដា មានខ្លះនិយាយថា ពួកយើងខ្ញុំ នឹងកូនប្រុសកូនស្រីយើងខ្ញុំ មានគ្នាច្រើន សូមឲ្យយើងបានអាហារ ដើម្បីទទួលទាន ហើយរស់នៅ មានខ្លះទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការ នឹងផ្ទះសំបែងរបស់យើងខ្ញុំហើយ សូមឲ្យយើងខ្ញុំបានអាហារទទួលទាន នៅគ្រាអំណត់នេះផង ហើយមានខ្លះផ្សេងទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការរបស់យើងខ្ញុំ ដើម្បីយកប្រាក់បង់ពន្ធថ្វាយស្តេច ប៉ុន្តែយើងខ្ញុំ នឹងពួកបងប្អូននោះ មានសាច់ដូចគ្នា កូនចៅយើងខ្ញុំ ក៏ដូចជាកូនចៅរបស់គេដែរ តែមើល យើងខ្ញុំនាំឲ្យកូនប្រុសកូនស្រីយើងខ្ញុំទៅជាខ្ញុំគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាខ្ញុំគេហើយ យើងខ្ញុំក៏ចៀសមិនរួចដែរ ដ្បិតអ្នកឯទៀតបានស្រែចំការ របស់យើងខ្ញុំទៅហើយ។ កាលខ្ញុំបានឮសំរែករបស់គេ នឹងពាក្យទាំងនោះហើយ នោះខ្ញុំក៏មានចិត្តឈឺចាប់ជាខ្លាំង ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ នឹងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ