ម៉ាកុស 1:9-20
ម៉ាកុស 1:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះយេស៊ូវយាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ហើយបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។ ភ្លាមនោះ ព្រះវិញ្ញាណជំរុញព្រះអង្គឲ្យយាងចេញទៅទីរហោស្ថាន។ ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។ ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។ កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ភ្លាមនោះគេក៏ទុកអួនចោល ហើយដើរតាមព្រះអង្គទៅ។ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។
ម៉ាកុស 1:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក*ពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។ ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ*របស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
ម៉ាកុស 1:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ ឲ្យយាងទៅឯទីរហោស្ថាន ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។ គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។ កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន នឹងអនទ្រេ ជាប្អូន កំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។