ម៉ាកុស 1

1
ការ​ប្រកាស​របស់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាថាយ ៣.១-៦, ១១-១២ លូកា ៣.១-១៨)
1នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹងល្អ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ 2ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា៖
«មើល​យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក
គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​អ្នក។
3មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោ‌ស្ថាន
ថា "ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់
ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ"» ។
4លោក​យ៉ូហាន ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក បាន​លេច​មក​នៅ​ទីរហោ‌ស្ថាន លោក​ប្រកាស​ប្រាប់​ពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។ 5មនុស្ស​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា និង​មនុស្ស​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម បាន​ចេញ​មក​រក​លោក ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់​តួបាប​របស់​ខ្លួន។ 6លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ហើយ​លោក​បរិ‌ភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ។ 7លោក​ប្រកាស​ថា៖ «ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ឱន​ស្រាយ​ខ្សែ​សុពណ៌​បាទ​ព្រះ‌អង្គ​ផង។ 8ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ព្រះ‌អង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ»។
ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក
(ម៉ាថាយ ៣.១៣-១៧ លូកា ៣.២១-២២)
9នៅ​គ្រា​នោះ ព្រះ​យេស៊ូវ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ហើយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់។ 10ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ឃើញ​ស្ថាន​សួគ៌​បើក​ចំហ ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ 11មាន​សំឡេង​មួយ​ពី​លើ​ស្ថាន​សួគ៌​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន​ភា្ង​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់»។
ព្រះ‌យេស៊ូវ​ឈ្នះ​ការ​ល្បួង
(ម៉ាថាយ ៤.១-១១ លូកា ៤.១-២)
12ភ្លាម​នោះ ព្រះ​វិញ្ញាណ​ជំរុញ​ព្រះ‌អង្គ​ឲ្យ​យាង​ចេញ​ទៅ​ទី​រហោ‌ស្ថាន។ 13ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​សែសិប​ថ្ងៃ ត្រូវ​អារក្ស‌សាតាំង​ល្បួង ព្រះ‌អង្គ​គង់​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា​មក​គាល់​បម្រើ​ព្រះ‌អង្គ។
ការ​ចាប់​ផ្តើម​ព្រះរាជ‌កិច្ច​នៅ​ស្រុក​កាលីឡេ
(ម៉ាថាយ ៤.១២-១៧ លូកា ៤.១៤-១៥)
14ក្រោយ​ពេល​គេ​ចាប់​លោក​យ៉ូហាន​ទៅ​ឃុំ‌ឃាំង ព្រះ‌យេស៊ូវ​ក៏​យាង​មក​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ។ 15ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ពេល​វេលា​បាន​សម្រេច​ហើយ ឯ​ព្រះរាជ្យ​របស់​ព្រះ​ក៏​មក​ជិត​បង្កើយ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ»។
ព្រះ‌យេស៊ូវ​ត្រាស់​ហៅ​ពួក​សិស្ស​លើក​ដំបូង
(ម៉ាថាយ ៤.១៨-២២ លូកា ៥.១-១១)
16កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​ស៊ីម៉ូន និង​អន‌ទ្រេ​ជា​ប្អូន កំពុង​ទម្លាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី។ 17ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ 18ភ្លាមនោះ​គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ 19កាល​ព្រះ‌អង្គ​យាង​ហួស​ពី​នោះ​បន្តិច ព្រះ‌អង្គ​ទត​ឃើញ​យ៉ាកុប​ជា​កូន​សេ‌បេដេ និង​យ៉ូហាន​ជា​ប្អូន កំពុង​ជួសជុល​អួន​នៅ​ក្នុង​ទូក។ 20ព្រះ‌អង្គ​ត្រាស់​ហៅ​ពួក​គេ​មក​ភ្លាម ហើយ​ពួក​គេ​ក៏​ទុក​សេ‌បេដេ​ជា​ឪពុក ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ជើង​ឈ្នួល រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។
ព្រះ‌យេស៊ូវ​ប្រោស​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល
(លូកា ៤.៣១-៣៧)
21ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ។ 22គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ពួក​គេ ដូច​ជា​អ្នក​ដែល​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ។ 23ពេល​នោះ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ‌អាក្រក់​ចូល 24វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។ 25ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម! ហើយ​ចេញ​ពី​អ្នក​នេះ​ទៅ!» 26វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ទៅ។ 27គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។ 28ភ្លាមនោះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​ឮ​សុសសាយ​គ្រប់​ទី​កន្លែង ពាស​ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា​នៅ​ផ្ទះ​លោក​ស៊ីម៉ូន
(ម៉ាថាយ ៨.១៤-១៧ លូកា ៤.៣៨-៤១)
29កាល​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម គេ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ ហើយ​យ៉ាកុប និង​យ៉ូហាន​ក៏​ទៅ​ជា​មួយ​ដែរ។ 30ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។ 31ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។ 32ល្ងាច​នោះ នៅ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌អង្គ។ 33អ្នក​ក្រុង​នោះ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ 34ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ​យាង​ទៅ​ប្រកាស​នៅ​គ្រប់​ទីកន្លែង​ក្នុង​ស្រុក​កាលីឡេ
(ម៉ាថាយ ៤.២៣ លូកា ៤.៤១-៤៤)
35ព្រឹក​ឡើង កាល​នៅ​ងងឹត​នៅ​ឡើយ ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​កាន់​ទី​ស្ងាត់ រួច​អធិស្ឋាន​នៅ​ទី​នោះ។ 36ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។ 37លុះ​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «មនុស្ស​គ្រប់​គ្នា​កំពុង​ស្វែង​រក​ព្រះ‌អង្គ»។ 38ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ចូរ​យើង​នាំ​គ្នា​ទៅ​ភូមិ​នានា​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ទី​នោះ​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។ 39ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៨.១-៤ លូកា ៥.១២-១៦)
40មាន​បុរស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន»។ 41ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​ជា​ស្អាត​ចុះ!» 42ភ្លាមនោះ​រោគ​ឃ្លង់​ក៏​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ 43ព្រះ‌អង្គ​ឲ្យ​គាត់​ចេញ​ទៅ​ភា្លម ទាំង​ហាម​ផ្តាច់​ថា៖ 44«ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្វី​ដល់​អ្នក​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​តង្វាយ ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។ 45ប៉ុន្តែ គាត់​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា ហើយ​ដំណឹង​នោះ​ក៏​ឮ​សុស‌សាយ ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​ពុំ​អាច​យាង​ចូល​ទៅ​ក្នុង​ក្រុង​ជា​ចំហ​ទៀត​បាន​ឡើយ គឺ​ព្រះ‌អង្គ​គង់​នៅ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ